វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមលើការផ្តល់សេវារដ្ឋបាលក្រុង ស្រុក
AKP កណ្ដាល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥--
លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលថ្នាក់ក្រុងស្រុក លើតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម ដោយមានការចូលរួមពីលោក លោកស្រី ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត មន្ត្រីបង្គោលគណនេយ្យភាពសង្គម ក្រុង ស្រុក ការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក ការិយាល័យប្រជាពលរដ្ឋ ក្រុង-ស្រុក អង្គការដៃគូផងដែរ។

លោកអភិបាលរងខេត្តបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់សម្រាប់ការអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងខេត្តកណ្តាល លើចំណុចមួយចំនួនដែលរដ្ឋបាលឃុំ-សង្កាត់ និងរដ្ឋបាលក្រុង ស្រុក ដែលបានអនុវត្តជាចំណុចលេចធ្លោគួរឱ្យកត់សម្គាល់ នោះគឺការរៀបចំឱ្យមានជាក្តារបញ្ជាព័ត៌មាន ការវិភាគថវិកា ក្នុងការគាំទ្រគឺមានគ្រប់កម្រិតថ្នាក់ រួមមានថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ថ្នាក់ឃុំ-សង្កាត់ អង្គភាពផ្តល់សេវា សាលារៀន មណ្ឌលសុខភាព រួមទាំងអង្គការដៃគូផងដែរ និងការផ្តល់កិច្ចសហការជាមួយភាគីពាក់ព័ន្ធ បានល្អប្រសើរ ព្រមទាំងឆន្ទៈ ការតាំងចិត្តរបស់ប្រធានអង្គភាពនីមួយៗ សុទ្ធតែប្ដេជ្ញាចិត្តអនុវត្តការងារឱ្យបានល្អប្រសើរ មន្ត្រីរបស់យើងទាំងអស់ដែលអនុវត្តការងារទាំងនេះ គឺសុទ្ធតែមានសមត្ថភាព និងមានឆន្ទៈចូលរួមក្នុងការអនុវត្ត។

លោកអភិបាលរងខេត្តក៏បានស្នើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញលើប្រធានបទនីមួយៗ ដើម្បីស្វែងយល់ និងជជែកពិភាក្សាគ្នាអំពីចំណុចនីមួយៗ ឱ្យបានច្បាស់លាស់ ចៀសវាងការអនុវត្តទៅខុសទៅនឹងនីតិវិធីដែលបានណែនាំ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





