រដ្ឋមន្ត្រីការបរទេសរុស្សីនឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងនៅចុងសប្តាហ៍នេះ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្គេយ ឡាវរ៉ូវ (Sergei Lavrov) នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងនៅចុងសប្តាហ៍នេះ។
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េបាននិយាយថា លោក ឡាវរ៉ូវ នឹងបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ តាមការអញ្ជើញរបស់ក្រសួងការបរទេសកូរ៉េខាងជើងដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
នៅពេលដែលធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងជើង លោក ឡាវរ៉ូវទំនងជានឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ (Choe Son-hui) និងចូលជួបសម្តែងការគួរសមជាមួយមេដឹកនាំលោក គីម ជុងអ៊ុន (Kim Jong-un) ។
របៀបវារៈសំខាន់នៃការពិភាក្សាត្រូវបានគេរំពឹងថានឹងជាដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់ប្រទេសរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានអញ្ជើញលោក គីម ទៅកាន់ទីក្រុងមូស្គូក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែមិថុនាឆ្នាំមុន។
យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា មិនទាន់មានផែនការសម្រាប់លោក គីម ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី ឬលោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើងនាពេលខាងមុខនោះទេ។
ទន្ទឹមនឹងនោះ លោក ប៉េសកូវ បាននិយាយថា មន្ត្រីជាន់ខ្ពស់រុស្ស៊ីដែលមកបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងតែងតែបញ្ជូនសាររបស់លោក ពូទីន ទៅកាន់ថ្នាក់ដឹកនាំកូរ៉េខាងជើង។លោក ឡាវរ៉ូវ បានទៅបំពេញទស្សនកិច្ចចុងក្រោយនៅប្រទេសកូរ៉េខាងជើងកាលពីខែមិថុនាឆ្នាំមុនដោយអមដំណើរលោក ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





