កូរ៉េខាងជើងផ្ញើសារអបអរសាទរទៅកាន់រដ្ឋមន្ដ្រីការបរទេសថ្មីរបស់ប៉ាឡេស្ទីន
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ (Choe Son-hui) បានផ្ញើសារអបអរសាទរទៅកាន់រដ្ឋមន្ត្រីការបរទេសថ្មីរបស់ប៉ាឡេស្ទីន។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា នៅក្នុងសារដែលបានផ្ញើកាលពីថ្ងៃសៅរ៍មុនទៅកាន់រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនថ្មី លោកស្រី វ៉ាសេន អាហ្គហាបេគីអាន សាហ៊ីន (VarsenAghabekian Shahin) លោកស្រី ចូ បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងមិត្តភាពទ្វេភាគីរបស់រដ្ឋមន្ដ្រីទាំងពីរអាចត្រូវបានអភិវឌ្ឍបន្ថែមទៀត។
ទីភ្នាក់ងារ KCNA បានរាយការណ៍ថា លោកស្រី ចូ ក៏បានបង្ហាញពីបំណងចង់ឱ្យរដ្ឋមន្ត្រីប៉ាឡេស្ទីនទទួលបានជោគជ័យក្នុងការងាររបស់លោកស្រីនៅលើឆាកអន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន។
ប្រទេសកូរ៉េខាងជើងបានការពារប៉ាឡេស្ទីនជាយូរមកហើយក្នុងជម្លោះរបស់ខ្លួនជាមួយអ៊ីស្រាអែលជុំវិញទឹកដីហ្គាហ្សា ដោយរិះគន់អ៊ីស្រាអែលថាចង់ដណ្តើមយកទឹកដីប៉ាឡេស្ទីន៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





