កាកបាទក្រហមកម្ពុជា និងប្រតិភូសហព័ន្ធអន្តរជាតិ អញ្ជើញចុះសួរសុខទុក្ខអ្នករងគ្រោះដោយសារមេរោគអេដស៍នៅភូមិរកា
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-- ក្នុងឱកាសបំពេញការងារក្នុងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនលោកយាយលោកតាចំនួន៤គ្រួសារ រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។

លោកយាយលោកតាបានទទួលរងគ្រោះឆ្លងមេរោគអេដស៍ដោយការចាក់ថ្នាំប្រើប្រាស់ម្ជុលស៊ឺរ៉ាំងរួមគ្នាដោយគ្រូពេទ្យខ្វះវិជ្ជាជីវៈ កាលពីឆ្នាំ២០១៤កន្លងទៅ។ រហូតមកដល់ពេលនេះ មានរយៈពេលជាង១០ឆ្នាំហើយ ក៏ប៉ុន្តែស្ថានភាពមេរោគអេដស៍នៅក្នុងខ្លួនរបស់ពួកគាត់មិនបានប៉ះពាល់ដល់សុខភាពពួកគាត់ទេ ដោយសារថា ពួកគាត់បានលេបឱសថប្រឆាំងមេរោគអេដស៍បានជាប់លាប់ ទៀងទាត់ និងត្រឹមត្រូវ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្តាំសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមកោតសរសើរចំពោះលោកយាយលោកតា ដែលសុទ្ធតែជាគម្រូសម្រាប់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ក្នុងការលេបឱសថប្រឆាំងមេរោគអេដស៍ឱ្យបានជាប់លាប់ ទៀងទាត់ និងត្រឹមត្រូវ និងសម្រេចបាន (ម=ម ឬ U=U) ដែលមានន័យថា (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ) និងជាពិសេសគឺជាគំរូនៃការមិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍។ លោកជំទាវ ក៏បានជូនពរលោកយាយលោកតា សូមបន្តថែទាំសុខភាពឱ្យបានល្អ និងមានជន្មាយុយឺនយូរតទៅ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភស្បៀង សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដល់គ្រួសារខាងលើផងដែរ។

បន្ទាប់មកគណៈប្រតិភូបានបន្តចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមាររងគ្រោះដោយមេរោគអេដស៍ចំនួន២២គ្រួសារ ដែលរស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ព្រមទាំងនាំយកអំណោយជាសម្ភារសិក្សា សម្ភារអនាម័យមួយចំនួនផ្តល់ជូនផងដែរ ដែលអំណោយទាំងអស់នេះ គឺជារបស់លោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





