មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ប្រជុំត្រួតពិនិត្យនិងគាំទ្របច្ចេកទេសសកម្មភាពរបស់សហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រអូរកូនត្រុំ
AKP កំពង់ស្ពឺ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-- លោក ណុប ព្រីន អនុប្រធានមន្ទីរ និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ដោយមានការសហការពីលោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកភ្នំស្រួច និងអាជ្ញាធរឃុំ បានចុះធ្វើការត្រួតពិនិត្យ និងគាំទ្របច្ចេកទេសសកម្មភាពរបស់សហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រអូរកូនត្រុំ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនោះ លោក ណុប ព្រីន បានកោតសរសើរដល់ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកភ្នំស្រួច និងអាជ្ញាឃុំ ដែលបានយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវលើការងារគ្រប់គ្រងទឹក ក៏ដូចជាការងារថែទាំប្រព័ន្ធធារាសាស្ត្រឱ្យមានដំណើរការល្អ សម្រាប់ការផ្គត់ផ្គង់ទឹកស្រោចស្រពស្រែរបស់បងប្អូនប្រជាកសិករ ក៏ដូចជាជួយដោះទឹកពេលមានជំនន់កើតឡើងម្តងៗ។

ជាមួយគ្នានេះ លោក ណុប ព្រីន ក៏បានណែនាំដល់ការិយាល័យពាក់ព័ន្ធក៏ដូចជាឆ្មាំទំនប់ឱ្យបន្តការយកចិត្តទុកដាក់បន្ថែមទៀតលើការងារគ្រប់គ្រងទឹក និងថែទាំសម្ភារ បរិក្ខារ ព្រមទាំងឧបករណ៍ផ្សេងៗ ជាពិសេសការងារបិទបើកទ្វារទឹក ព្រមទាំងតាមដានជាប្រចាំអំពីស្ថានភាពទឹកនៅផ្នែកខាងលើ ក៏ដូចជាចែករំលែកព័ត៌មានទិន្នន័យបរិមាណទឹកភ្លៀង និងកម្ពស់ទឹកឱ្យគ្នាទៅវិញទៅមកជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ដែលស្ថិតនៅផ្នែកខាងលើនៃអាងអូរកូនត្រំក្នុងគោលដៅកាត់បន្ថយហានិភ័យកើតឡើងដោយសារទឹក។

លោកអនុប្រធានមន្ទីរបានបញ្ជាក់ឱ្យដឹងថា អង្គប្រជុំបានសម្រេចឯកភាពគ្នាលើចំណុចសំខាន់ៗដូចជា៖ ១- ប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ និងការរីកចម្រើនរបស់ ស.ក.ប.ទ.។ ២- ពិនិត្យ និងពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ. អំពីការអនុវត្តនូវសកម្មភាពការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ។ ៣- ជំរុញលើកទឹកចិត្តដល់គណៈកម្មាធិការ ស.ក.ប.ទ. ក្នុងការចុះប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត ដើម្បីបានថវិកាសម្រាប់ទ្រទ្រង់ដល់កិច្ចដំណើការរបស់ខ្លួន។ ៤- ប្រគល់លក្ខន្តិកៈដល់គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកអូរកូនត្រុំ ៥- ពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផ្សេងៗរបស់គណៈកម្មាធិការ ស.ក.ប.ទ.៕

ដោយ លឹម សាន្ត





