រដ្ឋបាលខេត្តតាកែវ និងសមាគមអង្គការសង្គមស៊ីវិលដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងខេត្តតាកែវ បើកវេទិកាពិគ្រោះយោបល់ស្ដីពីភាពដៃគូ
AKP តាកែវ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-- នៅសាលប្រជុំធំនៃរដ្ឋបាលខេត្តតាកែវ បានរៀបចំបើកវេទិកាពិគ្រោះយោបល់ ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តតាកែវ និងសមាគមអង្គការសង្គមស៊ីវិលដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងខេត្តតាកែវ កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តតាកែវ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលអភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គការសង្គមស៊ីវិលដែលកំពុងប្រតិបត្តិ នៅក្នុងខេត្តតាកែវ ផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង បានចាត់ទុកវេទិកាសន្ទនារវាងអង្គការសង្គមស៊ីវិលនិងសមាគមសហជីពជាមួយរដ្ឋបាលខេត្ត គឺដឹងពីបញ្ហាប្រឈមនានា និងសំណូមពរផ្សេងៗ ដែលកំពុងជួបប្រទះ ដើម្បីស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយដោះស្រាយរាល់កង្វល់ទាំងអស់នោះ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើកិច្ចសហការជាមួយបណ្ដាអង្គការសង្គមស៊ីវិល សមាគម សហជីព និងវិស័យឯកជននានា ក្នុងគោលបំណងរួមគ្នាកំណត់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាពជាសកល ដើម្បីដាក់បញ្ចូលក្នុងអាទិភាពរបស់កម្ពុជា និងសម្រាប់ធ្វើសមាហរណកម្មទៅក្នុងផែនការជាតិ។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា អង្គការសង្គមស៊ីវិល និងវិស័យឯកជននានា គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន និងជាតួអង្គដ៏ចាំបាច់នៅមូលដ្ឋាន ដែលមានតួនាទីជួយសម្របសម្រួល រាល់បញ្ហាផ្សេងៗកើតឡើងនៅក្នុងសហគមន៍ ដែលអាចសម្របសម្រួលបាន ហើយរាល់សំណូមពរ ឬការលើកឡើងរបស់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិលសមាគមនិងសហជីពដែលពាក់ព័ន្ធទាំងអស់ ជាអ្នកស្នើបន្តមកកាន់អាជ្ញាធរខេត្ត-ក្រុង-ស្រុកជួយដោះស្រាយ ក្នុងន័យសំដៅលើកស្ទួយសិទ្ធិសេរីភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសំណូមពរឱ្យអង្គការក្រៅរដ្ឋាភិបាល សមាគម សហជីព និងសហគមន៍ ដែលមានមូលដ្ឋាននៅក្នុងខេត្តតាកែវទាំងអស់ ត្រូវតែបន្តពង្រឹងនិងពង្រីកកិច្ចសហការគ្នាឱ្យបានល្អប្រសើរថែមទៀត ជាមួយអាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ជាពិសេសមិនត្រូវជឿតាមការញុះញង់ របស់ក្រុមជ្រុលនិយមនៅក្រៅប្រទេសឡើយ ពោលគឺត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាធ្វើយ៉ាងណាឱ្យប្រទេសជាតិ និងមូលដ្ឋានរបស់យើង មានការអភិវឌ្ឍប្រកបដោយចីរភាព និងមានសុខដុមនីយកម្ម ហើយសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់៕

ដោយ អ៊ុច សៀង





