ឯកឧត្តម អ៊ុំ រាត្រី ចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពទឹកជំនន់ និងផលប៉ះពាល់លើដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រៃទទឹង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។ ការចុះពិនិត្យនេះធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃ បណ្តាលឱ្យស្រូវរាប់រយហិកតា នៅចំណុចវាលថ្កាន់ត្រេត និងវាលអន្លង់ផ្អួរ ក្នុងភូមិសាស្ត្រឃុំអូរប្រាសាទ និងឃុំភ្នំតូច ក្នុងស្រុកមង្គលបូរី ត្រូវបានជន់លិច កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសចុះពិនិត្យផ្ទាល់ដល់វាលស្រែរងផលប៉ះពាល់លិចលង់ ឯកឧត្តម អ៊ុំ រាត្រី បានសម្តែងនូវការព្រួយបារម្ភចំពោះផលវិបាកដែលប្រជាពលរដ្ឋកំពុងជួបប្រទះ និងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំងរដ្ឋបាលស្រុកមង្គលបូរី ឱ្យយកចិត្តទុកដាក់តាមដានស្ថានភាពទឹកជាប្រចាំ និងរៀបចំផែនការជួយសង្គ្រោះ ក៏ដូចជាផ្តល់ពូជស្រូវឡើងវិញដល់ប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ក៏បានធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តមអភិបាលខេត្តអំពីទំហំនៃការខូចខាតដំណាំស្រូវ និងស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋាន និងបានបញ្ជាក់ថា អាជ្ញាធរស្រុកកំពុងប្រមូលផ្តុំទិន្នន័យជាក់លាក់អំពីផ្ទៃដីស្រូវដែលរងផលប៉ះពាល់ និងចំនួនប្រជាពលរដ្ឋដែលត្រូវការជំនួយជាបន្ទាន់ ដើម្បីរាយការណ៍ទៅថ្នាក់ដឹកនាំខេត្ត និងសុំការអន្តរាគមន៍បន្ថែម។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានជំរុញឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកជំនន់នេះ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មាន និងជំនួយបានទាន់ពេលវេលា។ ឯកឧត្តមបានប្តេជ្ញាថា រដ្ឋបាលខេត្តនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងខិតខំប្រឹងប្រែងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត៕

ដោយ ឈុន សារ៉ាត





