សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹងទទួលបានជំនួយឥតសំណងពីគម្រោង CASDP ១,២លានដុល្លារ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-- អបអរសាទរ «សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង» នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទទួលបានជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) សរុបចំនួន ១,២លានដុល្លារ សម្រាប់គាំទ្រដល់សកម្មភាពផលិតកម្មកម្រិតសហគមន៍របស់ខ្លួន ក្នុងនោះទឹកប្រាក់ចំនួនជាង៦ម៉ឺនដុល្លារ សម្រាប់គាំទ្រផ្ទាល់ដល់ផលិតកម្មម្ទេស និងថវិកា១,១លានដុល្លារទៀត សម្រាប់រៀបចំជាប្រព័ន្ធស្រោចស្រព ដោយមានការបំពាក់ទុយោមេចែកចាយទឹកធ្វើកសិកម្មដល់ទូទាំងភូមិប៊ុនរ៉ានីសែនជ័យតែម្តង។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ថា នេះគឺជាការវិនិយោគសាធារណៈក្នុងទ្រង់ទ្រាយធំមួយពីសំណាក់រាជរដ្ឋាភិបាល ចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ដែលនឹងបានជាប្រយោជន៍យ៉ាងទូលំទូលាយដល់ការលើកកម្ពស់ជីវភាពរបស់បងប្អូនសម្បទានិករបស់យើងទាំងអស់នៅក្នុងតំបន់អភិវឌ្ឍន៍មួយនេះ។

ជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីដែលគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក ដែលរួមមានជាសម្រាប់ជាទុនបំពេញបន្ថែម៤០ភាគលើការវិនិយោគរបស់សហគមន៍ និងការគាំទ្រខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ៕


ដោយ ណយ នឿន





