រដ្ឋមន្ត្រីក្រសួងអប់រំអញ្ជើញចុះពិនិត្យស្ថានភាពនៃការបង្រៀន និងរៀននៅសាលាបឋមសិក្សាទាំង៨ ដែលមានទីតាំងនៅតាមតំបន់ព្រំដែនក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការបង្រៀន និងរៀននៅសាលាបឋមសិក្សាទាំង៨ ដែលមានទីតាំងនៅតាមតំបន់ព្រំដែនក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ រួមមានសាលាបឋមសិក្សាតាមន្តសែនជ័យ សាលាបឋមសិក្សាបុស្សធំ សាលាបឋមសិក្សាហនុមាន សាលាបឋមសិក្សាថ្មដូន សាលាបឋមសិក្សាជប់គគីរ សាលាបឋមសិក្សាមនោរម្យ១បូក២ សាលាបឋមសិក្សាហាលឿមសែនជ័យ និងសាលាបឋមសិក្សាចន្ទក្រហម។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់នាយកសាលាបឋមសិក្សាទាំង៨រួចមក ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងលះបង់ខ្ពស់ក្នុងការបង្រៀនគ្រប់កាលៈទេសៈ និងបានរម្លឹកឡើងវិញអំពីប្រវត្តិសាស្ត្រ សំណង់ប្រាសាទនានានៃតំបន់នេះចាប់តាំងពីសម័យមុនអង្គររហូតមកដល់សម័យអាណានិគមនិយមបារាំង និងការទទួលបានជ័យជម្នះក្នុងការទាមទារនៃតំបន់ប្រាសាទព្រះវិហារ ដោយសម្ដេចព្រះបាទនរោត្តម សីហនុ និងឆ្នាំ២០០៨ ការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការតតាំងក្ដីនៅទីក្រុងឡាអេ និងបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមឱ្យពលរដ្ឋមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះដែលជាការដោះស្រាយដោយសន្តិវិធី ចៀសវាងការប្រើប្រាស់ហិង្សា និងបានលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ សូមឱ្យបន្តយកចិត្តទុកដាក់ផ្តោតលើការបង្រៀនដោយប្រើប្រាស់វិធីសាស្ត្របង្រៀនទៅតាមលទ្ធភាពជាក់ស្ដែងក្នុងការអនុវត្តកញ្ចប់អំណានដំបូងនិងគណិតវិទ្យាដំបូង ទន្ទឹមនឹងមានការជួយគាំទ្រពីនាយកដ្ឋានបឋមសិក្សាលើការបណ្ដុះបណ្ដាលពីវិធីសាស្ត្របង្រៀនថ្មីៗ ការប្រើប្រាស់សម្ភារសិក្សា ផ្តល់ឯកសារបន្ថែម និងសៀវភៅអំណានផ្សេងៗដល់សាលាបឋមសិក្សានីមួយៗដើម្បីជាជំនួយពង្រឹងដល់ការរៀន និងបង្រៀន។

ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាននាំយកអំណោយមួយចំនួន រួមមាន ទូរទស្សន៍វ័យឆ្លាត សម្ភារសិក្សានៃកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង សៀវភៅសិក្សាគោលពីថ្នាក់ទី១ដល់ថ្នាក់ទី៩លើគ្រប់មុខវិជ្ជា កាតាប និងសម្ភារសិក្សាសម្រាប់កុមារ ម៉ាស៊ីន LCD ថេប្លេត សៀវភៅសរសេរ និងប៊ិកផ្តល់ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងដំណើរការបង្រៀន និងរៀន ជាពិសេសការបន្តអនុវត្តថ្នាលបឋម PLP៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





