រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត២០២៦-២០២៨
AKP កណ្តាល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៦-២០២៨ ក្រោមអធិបតីភាព លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមពី មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។

មានប្រសាសន៍ក្នុងពិធីបើកនេះ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្ត បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងឱ្យអ្នកពាក់ព័ន្ធបានយល់ពីខ្លឹមសារនៃសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៦-២០២៨ បានយល់ពីខ្លឹមសារលិខិតបទដ្ឋាននានា សារសំខាន់នៃការ ចូលរួមកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត តាមខ្លឹមសារនៃសេចក្តីណែនាំស្តីពីការរៀបចំនិងកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិលខេត្ត និងពេលវេលាដែលបានកំណត់ក្នុងប្រតិទិនការងារសម្រាប់ការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិលដែលក្រុមប្រឹក្សាខេត្តបានអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ កាលពី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥កន្លងមក។ រដ្ឋបាលក្រុង ស្រុក ណែនាំ ឃុំ សង្កាត់ ឱ្យទំនាក់ទំនងជាមួយ មន្ទីរ អង្គភាព អង្គការនានាដែលធ្វើ សកម្មភាពក្នុងមូលដ្ឋានឲ្យផ្តល់ព័ត៌មានអំពីគម្រោង សកម្មភាពរបស់ខ្លួន ដើម្បីបន្ស៊ីជាមួយកម្មវិធីវិនិយោគឃុំ សង្កាត់ ក្រុង ស្រុក ចៀសវាងការគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគឃុំ សង្កាត់នៅថ្នាក់ ក្រុង ស្រុក នៅក្រៅគម្រោងអាទិភាពឃុំ សង្កាត់។

លោកអភិបាលរងខេត្តក៏បានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមគ្រប់សកម្មភាពក្នុងដំណើរការកសាងកម្មវិធីវិនិយោគ ដោយផ្តល់ព័ត៌មាន ធាតុចូល បានទាន់ពេលវេលា ដែលក្រុមការងារបានកំណត់ ដើម្បីឲ្យដំណើរការប្រព្រឹត្តិទៅស្របតាមប្រតិទិនការងារ ដែលបានគ្រោងទុក ។ ក្រុមការងារបូកសរុប និងអ្នកសម្របសម្រួលត្រូវខិតខំឱ្យអស់លទ្ធភាពក្នុងការរៀបចំ កសាងកម្មវិធី វិនិយោគបីឆ្នាំរំកិលបើមានបញ្ហាត្រូវរាយការណ៍និងសុំយោបល់ប្រធានក្រុមការងារ ដើម្បីដោះស្រាយទាន់ ពេលវេលា៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





