ភ្លៀងមួយមេធំធ្វើឲ្យលិចក្រុងបាត់ដំបងស្ទើរទាំងស្រុង
AKP ខេត្តបាត់ដំបង ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥--
ចាប់តាំងពីម៉ោង ២ រសៀល ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៥ ខេត្តបាត់ដំបងបានទទួលរងនូវសម្ពាធទាប និងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងបានអូសបន្លាយពេលរាប់ម៉ោង ធ្វើឲ្យប្រព័ន្ធលូមានការកកស្ទះ ស្ទើរគ្រប់ទីកន្លែង។

ភ្លៀងមួយមេធំនេះ គឺបានអូសបន្លាយពេលតាំងពីម៉ោង ២ រសៀល រហូតដល់ម៉ោង ៦ ល្ងាច ដែលបង្កឲ្យមានទឹកជន់ លិចស្ទើរគ្រប់ច្រកល្ហកក្នុងក្រុងបាត់ដំបង នេះក៏ដោយសារបញ្ហាប្រព័ន្ធលូ ដែលហូរមិនទាន់ ស្របពេលបច្ចុប្បន្នមានការកាយធ្វើប្រព័ន្ធលូ ដែលសំបូរដោយជង្ហុក ទើបបង្កទៅជាបញ្ហាខូចខាតផ្លូវបន្ថែមទៀត។
ដោយឡែកការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏កាន់តែជួបផលលំបាក ព្រោះផ្លូវក៏ខូចខាតទៅពេញទាំងក្រុង ហើយត្រូវទឹកលិចបន្ថែមទៀត ដូច្នេះផ្លូវអាចខូចធ្ងន់ធ្ងរក្រោយពេលទឹកស្រក ដែលនេះគឺជាបន្ទុកដ៏ធ្ងន់ធ្ងរដល់ក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលកំពុងដំណើរការកាយបង្គាប់ប្រព័ន្ធលូទឹកស្អុយ ។

បើទោះបីជាថ្មីៗនេះរដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីបំភ្លឺ ដល់សាធារណជននៅក្នុងខេត្តក៏ដូចជាក្រៅខេត្តឲ្យយល់អំពីការខិតខំប្រឹងប្រែង ក្នុងការស្ថាបនាប្រព័ន្ធលូនិងផ្លូវ ដែលមិនទាន់រួចរាល់ជាស្ថាពរ ក៏ដោយ ក៏ការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរគឺបានជួបប្រទះរាប់ឆ្នាំមកហើយ ព្រោះបើគេពិនិត្យមើលឃើញថា ផ្លូវក្នុងក្រុងដែលស្អាតពេលទាំងស្រុងហើយនោះ វាបែរជាត្រឡប់ថយក្រោយទៅរកទសវត្សរ៍ទី ៨០ ទៅវិញ ព្រោះដោយសារតែក្រៅពីផ្លូវលេខ ១ គឺខូចខាតស្ទើរទាំងអស់ ៕
ដោយ៖សុផល





