លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥-- លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្ថាប័ន ដើម្បីពិភាក្សាបន្ថែមលើសេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី លើកទី៤ (NAPVAW IV) ឆ្នាំ២០២៥-២០៣០។


កិច្ចប្រជុំមានគោលបំណងពិនិត្យលើការបង្ការទប់ស្កាត់អំពើហិង្សាលើស្រ្តីតាមរយៈបច្ចេកវិទ្យា ការបន្តុះបង្អាប់តាមប្រព័ន្ធអនឡាញ និងការប្រើប្រាស់ AI ដើម្បីកំណត់សកម្មភាពជាយុទ្ធសាស្រ្តក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗនៃអំពើហិង្សាដែលកើតមានក្នុងបរិបទសង្គមឌីជីថលពេលបច្ចុប្បន្ន ដែលនឹងបង្កជាផលអវិជ្ជមាន ការគំរាមកំហែង និងគ្រោះថ្នាក់កាន់តែខ្លាំងដល់អ្នកប្រើប្រាស់ ជាពិសេសស្រ្តី និងក្មេងស្រី ដែលជាជនងាយរងគ្រោះ និងអាចមានលក្ខណៈកាន់តែធ្ងន់ធ្ងរនៅពេលអនាគត។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកិច្ចការនារី តំណាងក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ និងអគ្គស្នងការដ្ឋាននគរបាលជាតិ សរុបចំនួន ៥០នាក់ នៅទីស្តីការក្រសួងកិច្ចការនារី នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





