រដ្ឋបាលខេត្តកណ្តាលបិទផ្សាយជាសាធារណៈឯកសារការវិនិច្ឆ័យ ទិន្នន័យក្បាលដីចំនួន១១ភូមិ ក្នុងក្រុងសំពៅពូន
AKP កណ្ដាល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកណ្តាលបានយកចិត្តទុកដាក់ និងឆ្លើយតបនូវរាល់តម្រូវការ ជាក់ស្តែងប្រជាពលរដ្ឋ១១ភូមិរួមមាន ភូមិក្បាលកោះ ភូមិឈើខ្មៅ ភូមិចុងកោះ ភូមិត្រពាំងជ្រៃ ភូមិកោះតូច ភូមិទួលស្វាយ ភូមិត្រើយកោះ ភូមិក្បាលជ្រោយ ភូមិចុងខ្សាច់ ភូមិធំ និងភូមិថ្មី សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល មកពិនិត្យមើល ទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់ ចៀសវាងខុសកម្មសិទ្ធិរួមរបស់ប្តីប្រពន្ធ ជារបស់ឪពុកម្តាយ ខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីសម្រួលឱ្យមន្ត្រីជំនាញ ធ្វើការកែតម្រូវឡើងវិញ ឱ្យបានត្រឹមត្រូវ មានតម្លាភាព សំដៅពន្លឿនដល់ការចេញ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ជូនប្រជាពលរដ្ឋ។ នេះជាប្រសាសន៍របស់លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល ក្នុងពិធីបិទផ្សាយជាសាធារណៈឯកសារនៃការវិនិច្ឆ័យចំនួន១១ភូមិ ក្នុងក្រុងសំពៅពូន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។

លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានសម្តែងនូវការកោតសសើរដល់ផ្នែកគ្រប់គ្រងតំបន់វិនិច្ឆ័យរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំរើសេវាសាធារណៈបានយ៉ាងល្អប្រសើរ។ បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ទៅលើការរៀបចំផ្តល់សិទ្ធិស្របច្បាប់ដល់ប្រជាពលរដ្ឋក្នុងការកាន់កាប់ដីធ្លីដោយស្របច្បាប់ ដោយមានក្រសួង មន្ទីរជាសេនាធិការស្រាប់ លោកបានស្នើសុំឱ្យប្រជាពលរដ្ឋដែលម្ចាស់ក្បាលដីទាំងអស់ចូលរួមសហការជាមួយមន្រ្តីគ្រប់គ្រងក្នុងតំបន់នោះក្នុងពេលបិទផ្សាយដែលមានរយៈពេល១៥ថ្ងៃដោយភ្ជាប់មកនូវឯកសារដូចជាចុងសន្លឹកសម្គាល់ក្បាលដីចេញដោយក្រុមគ្រប់គ្រងតំបន់វិនិច្ឆ័យ សៀវភៅគ្រួសារ និងសំបុត្រកំណើតដើម្បីងាយស្រួលក្នុងការពិនិត្យនិងផ្ទៀងផ្ទាត់បានឆាប់រហ័ស។


លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានថ្លែងថា ពិធីប្រកាសបិទផ្សាយនៅថ្ងៃនេះគឺជាដំណាក់កាលទី៣ នៃនីតិវិធីក្រោយពីបញ្ចប់ការនៅការវាស់វែងចំពោះរាល់ឯកសារ និងទិន្នន័យក្បាលដីទាំងអស់ និងត្រូវរៀបចំដោយមន្រ្តីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សម្រាប់រៀបចំចេញជាប្លង់សុរិយោដី និងឈ្មោះម្ចាស់ដី សម្រាប់ក្បាលដី នៅក្នុងតំបន់វិនិច្ឆ័យខាងលើ។ ក្នុងការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ គឺដើម្បីបញ្ចៀសការកើតមានទំនាស់ដីធ្លី ហើយ ត្រូវបានបិទផ្សាយរយៈពេល ១៥ថ្ងៃ គិតពីថ្ងៃទី០៩ ខែកក្កដា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានគណកម្មការរដ្ឋបាល និងមន្រ្តីជំនាញសុរិយោដី ប្រចាំការដើម្បីពន្យល់អំពីទិន្នន័យទាំងឡាយពាក់ព័ន្ធនឹងក្បាលដី ទទួលពាក្យបណ្ដឹង និងដោះស្រាយ ហើយការបិទផ្សាយនេះមានចំនួន ៨ ៦១២ក្បាលដី និងជាលើកទី១៩ សម្រាប់ក្រុងសំពៅពូន និងជាលើកទី២៩២ សម្រាប់ខេត្តកណ្តាលទាំងមូល៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





