ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបរួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ
AKP សៀមរាប ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥-- ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងក្រុងសៀមរាបបានរួមគ្នាវេចនំអន្សមចំនួន៥០០នំ ដើម្បីយកទៅជូនដល់បងប្អូនកងទ័ពដែលកំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។


លោកស្រី ឈន សុគន្ធា តំណាងប្រជាពលរដ្ឋ បានឱ្យដឹងថា ការដែលពួកគាត់រួមគ្នាវេចនំអន្សមនេះឡើង គឺដើម្បីបង្ហាញនូវទឹកចិត្ត ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នាលើកទឹកចិត្តដល់បងប្អូនកងទ័ពយើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសជិតខាង ហើយក៏ដូចជាបញ្ជាក់ពីទឹកចិត្តរបស់ជនរួមជាតិ ខ្មែរជួយខ្មែរ ដែលជាការចូលរួមចំណែកលើកម្លាំងចិត្តក្នុងការការពារទឹកដី និងជាតិមាតុភូមិ។

លោកស្រី ឈន សុគន្ធា បានឱ្យដឹងទៀតថា ក្រៅពីនំអន្សម ៥០០នំ យើងក៏មានគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដូចជាសាច់ជ្រូក ទឹកសុទ្ធ៣០០យួរ កាហ្វេ៣កេស បន្លែគ្រប់មុខ និងថវិកាមួយចំនួន ដែលបានពីការឧបត្ថម្ភរបស់ ឧកញ៉ា លៀង ផន និងក្រុមគ្រួសារ ដែលនឹងយកទៅជូនបងប្អូនកងទ័ពយើង ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ៕


ដោយ ឃុត សៅ





