សិក្ខាសាលាបណ្តុះបណ្តាលស្តីពី "ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន អមជាមួយការផ្សព្វផ្សាយច្បាប់ស្តីពីទេសចរណ៍"
AKP កំពង់ស្ពឺ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម កៅ សុណ្ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពី "ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន អមជាមួយការផ្សព្វផ្សាយច្បាប់ស្តីពីទេសចរណ៍" នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្ត នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ អំពីមាត្រា៣២ កឋាខណ្ឌទី២ ច្បាប់ស្តីពីទេសចរណ៍ ដែលបានចែងថា « គ្មានបុគ្គលណាម្នាក់អាចប្រកបអាជីវកម្មទេសចរណ៍បានទេ ប្រសិនបើបុគ្គលនោះមិនបានទទួលការផ្តល់អាជ្ញាបណ្ណទេសចរណ៍ ពីក្រសួងទេសចរណ៍ ឬពីរដ្ឋបាលថ្នាក់ក្រោមជាតិ »។

ឯកឧត្តម កៅ សុណ្ណារិទ្ធ បានមានប្រសាសន៍បន្តថា ឧស្សាហកម្មទេសចរណ៍ គឺជាផ្នែកមួយនៃឧស្សាហកម្មសេវាកម្មដែលបង្កើតឡើងក្នុងគោលដៅផ្គត់ផ្គងដល់សេចក្តីត្រូវការរបស់ទេសចរណ៍ និងសង្គមមនុស្សទាំងមូល។ វាជាផ្នែកមួយនៃឧស្សាហកម្មដែលបង្កើតឡើងសម្រាប់ទាក់ទាញ និងបម្រើសេចក្តីត្រូវការរបស់ទេសចរណ៍ក្នុងពេលកំពុងធ្វើដំណើរ និងសកម្មភាពទេសចរណ៍ពិសេសគឺសេវាកម្មដឹកជញ្ជូនអ្នកដំណើរជាទេសចរណ៍ សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ សេវាកម្មសិក្សាធិការ សេវាកម្មកម្សាន្ត និងសេវាកម្មផ្សេងៗទៀតដែលជាសេចក្តីត្រូវការទូទៅ និងអាចមិនបានក្នុងវិស័យទេសចរណ៍។
ការចុះឈ្មោះអាជីវកម្មទេសចរណ៍ និងប្រព័ន្ធអាជ្ញាបណ្ណ គឺជាប្រព័ន្ធមូលដ្ឋានគ្រប់គ្រងទិន្នន័យសម្រាប់ការចុះឈ្មោះប្រតិបត្តិករ និងសកម្មភាពអាជ្ញាបណ្ណទេសចរណ៍។ ច្បាប់ស្តីពីទេសចរណ៍ ព្រះរាជក្រម លេខ នស/ រកម/០៦០៩/០០៧ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ តម្រូវឱ្យអាជីវកម្មទេសចរណ៍ ទាំងអស់នឹងត្រូវបានចុះឈ្មោះដោយក្រសួងទេសចរណ៍ និងបន្ទាប់មកទើបត្រូវបានទទួលអាជ្ញាបណ្ណ។ ប្រព័ន្ធអាជ្ញាបណ្ណទេសចរណ៍អនឡាញបានបញ្ជូនតម្លាភាព និងកាត់បន្ថយពេលវេលាឱ្យមានភាពឆាប់រហ័សក្នុងដំណើរការនៃការស្នើសុំ។

ឯកឧត្តមអភិបាលរងខេត្តបានលើកឡើងបន្តថា ក្រោមការដឹកនាំដ៏មហាប្រសើរ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកដល់ពេលនេះ កម្ពុជាបានក្លាយជាតំបន់សេដ្ឋកិច្ចដ៏ឆ្នើមនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ និងមានស្ថេភាពទាំងនយោបាយសកល និងសេដ្ឋកិច្ចសកល ធ្វើឱ្យពលរដ្ឋទទួលបានការរស់នៅសុខដុមរម្យនាបែបសេដ្ឋកិច្ចឧស្សហកម្មឌីជីថល៤,០ នាពេលនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា ជាពលរដ្ឋគំរូត្រូវតែស្នើសុំអាជ្ញាបណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ ឬពីរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ធ្វើអាជីវកម្មលើវិស័យទេសចរណ៍តាមច្បាប់បានកំណត់ ហើយតួយ៉ាងមន្ត្រីអ្នកអនុវត្តច្បាប់ ក៏ត្រូវតែផ្តល់សេវាឱ្យបានឆាប់បំផុត និងមិនមានយកប្រាក់លើសតម្លៃសេវាដែលច្បាប់បានកំណត់ឡើយ៕
ដោយ លឹម សាន្ត





