ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីដោយជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីដោយជោគជ័យ និងបានដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ដោយក្នុងរយៈពេល៣ថ្ងៃនៃដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះប្រមុខក្រសួងមហាផ្ទៃកម្ពុជាទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ថ្មីៗបន្ថែមទៀតក្នុងក្របខ័ណ្ឌសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមគុណភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ។

លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងថា ទស្សនកិច្ចនេះមានជាអាទិ៍ ជំនួបពិភាក្សាទ្វេភាគីស៊ីជម្រៅ និងប្រកបដោយស្មារតីមិត្តភាពរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម K. Shanmugam រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី ដោយភាគីទាំងពីរបានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាឯកសារសហប្រតិបត្តិការស្នូលថ្មីមួយទៀតសម្រាប់កម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។ លោកថា ស្មារតីនៃជំនួបទ្វេភាគី និងការសម្រេចបានអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏ត្រូវបាននាយករដ្ឋមន្រ្តីសិង្ហបុរី ឯកឧត្តម Lawrence Wong ដែលទើបបញ្ចប់ទស្សនកិច្ចប្រកបដោយផ្លែផ្កានៅកម្ពុជាកាលពីសប្ដាហ៍មុន បានបង្ហាញការពេញចិត្ត និងអះអាងពីការត្រៀមលក្ខណៈគាំទ្របន្ថែមទៀតក្នុងកម្រិតថ្នាក់ដឹកនាំកំពូល។

បើតាមលោក រ៉េន រតនៈ នាឱកាសទទួលជួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅវិមានរដ្ឋាភិបាល ឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងលទ្ធផលដ៏ជាក់ស្ដែងរបស់កម្ពុជាលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបទល្មើសគ្រឿងញៀន។

លោក រ៉េន រតនៈ បានគូសបញ្ជាក់ថា ឈរលើស្មារតីរៀនស្វែងយល់ពីគ្នាទៅវិញទៅមកដោយគ្មានទីបញ្ចប់ នាឱកាសទស្សនកិច្ចសិង្ហបុរី ដែលជាប្រទេសស៊ីវិល័យមួយក្នុងតំបន់ និងពិភពលោក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឆ្លៀតដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួន រួមមាន ការិយាល័យផ្ដល់សេវាសាធារណៈ មជ្ឈមណ្ឌលប្រឆាំងបទល្មើសឆបោក មន្ទីរប្រឆាំងគ្រឿងញៀន និងស្ដាប់ការធ្វើបទបង្ហាញសង្ខេបអំពីគំនិតផ្ដួចផ្ដើមប្រឆាំងភេវរកម្មផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





