រដ្ឋមន្ត្រីក្រសួងអប់រំចុះពិនិត្យស្ថានភាពនៃការបង្រៀន និងរៀននៅជំរំសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពនៃការបង្រៀន និងរៀននៅជំរំសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ ដោយបានពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានផ្ទាល់អំពីដំណើរការនៃការអប់រំ ក៏ដូចជាបញ្ហាប្រឈមនានានៅទីនេះ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡាផ្ទាល់ក្នុងការធានាប្រសិទ្ធភាពនៃការអប់រំសម្រាប់សិស្សានុសិស្សនៅតាមតំបន់ដែលមានភាពងាយរងគ្រោះ និងបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងសេវាកម្មអប់រំឱ្យកាន់តែប្រសើរឡើងទោះក្នុងកាលៈទេសៈណាក៏ដោយចុះ។

គួរបញ្ជាក់ថា សិស្សានុសិស្សនៅតាមបណ្តោយព្រំដែននៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារជាង៦០០នាក់ ដែលពួកគេបានភៀសខ្លួនជាមួយឪពុកម្តាយមកកាន់ជំរំសុវត្ថិភាពនាពេលនេះ បានចូលរៀននៅសាលាបឋមសិក្សាដែលនៅជិតជំរំ ស្ថិតនៅវត្តពោធិ៍៥០០០ដើម ស្រុកគូលែន បន្ទាប់ពីមានការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា ហើយបើយោងតាមរបាយការណ៍របស់មន្ទីរអប់រំខេត្តព្រះវិហារ កុមារតូចៗ និងសិស្សប្រមាណ១៤០០នាក់មិនទាន់ទទួលបានការសិក្សានៅឡើយទេ តែក្រោយពីមានការសម្របសម្រួលពីថ្នាក់ដឹកនាំនាយកដ្ឋានបឋមសិក្សា រដ្ឋបាលស្រុក និងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកគូលែន សិស្សានុសិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៦ ចំនួន៣៤៣នាក់ ស្រី១៦៧នាក់ បានទទួលការសិក្សាដោយប្រើប្រាស់បន្ទប់រៀន៦បន្ទប់ នៃសាលាបឋមសិក្សាដែលនៅជិតជំរំសុវត្ថិភាព ដោយកំណត់ពេលព្រឹកចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង១១៖០០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤៖០០នាទី ដល់ម៉ោង១៧៖០០នាទី។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បាននាំយកអំណោយមួយចំនួន រួមមាន ទូរទស្សន៍វ័យឆ្លាត១គ្រឿង សម្ភារសិក្សានៃកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង សៀវភៅសិក្សាគោលពីថ្នាក់ទី១ដល់ថ្នាក់ទី៩លើគ្រប់មុខវិជ្ជា សម្ភារកីឡា កាតាប និងសម្ភារសិក្សាសម្រាប់កុមារ ម៉ាស៊ីន LCD ថេប្លេត សៀវភៅសរសេរ និងប៊ិក ដើម្បីផ្តល់ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់លើកទឹកចិត្តគ្រូបង្រៀន ដើម្បីដំណើរការបង្រៀន និងរៀនផងដែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





