ចំនួនភ្ញៀវទេសចរឆែកមកទស្សនាកម្ពុជាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥--
ចំនួនភ្ញៀវទេសចរឆែកមកទស្សនាកម្ពុជាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅឆ្នាំ២០២៣មានចំនួនប្រមាណ៤.០០០នាក់ ឆ្នាំ២០២៤កន្លងទៅមានចំនួនជិត៦.០០០នាក់ ហើយក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរឆែកមកទស្សនាកម្ពុជាប្រមាណជិត៤.០០០នាក់។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា ចំពោះឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក ជាពិសេសកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរួមទាំងវិស័យទេសចរណ៍ផងដែរ ដែលកិច្ចសហប្រតិបត្តិការទាំងនេះនឹងបន្តពង្រឹងនិងពង្រីកបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអបអរសាទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ឯកឧត្តមឯកអគ្គរដ្ឋ ទូតនាពេលកន្លងមក ព្រមទាំងស្នើឯកឧត្តម Martin Vávra បន្តជួយផ្សព្វផ្សាយពីសភាពការណ៍ពិត នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមដែលមានភាពល្អប្រសើរ រួមទាំងកាលានុវត្តវិនិយោគ និងសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ថ្នាក់ដឹកនាំ ធុរជន និងប្រជាពលរដ្ឋឆែកផងដែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





