ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចូលរួមពិធីបុណ្យរុក្ខទិវាថ្នាក់ខេត្តនៅថ្នាលបណ្តុះកូនឈើ ក្នុងភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីបុណ្យរុក្ខទិវាថ្នាក់ខេត្តនៅថ្នាលបណ្តុះកូនឈើ ភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការពីឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្មួយៗយុវជន និងប្រជាពលរដ្ឋ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា រុក្ខទិវា ៩កក្កដា ក្នុងគោលបំណងបណ្តុះនូវស្មារតីដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីបរិស្ថាន អត្ថប្រយោជន៍នៃព្រៃឈើ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការដាំដុះ ថែរក្សាការពារព្រៃឈើ សំដៅប្រែក្លាយបរិស្ថានឱ្យមានភាពស្រស់បំព្រង និងអភិវឌ្ឍធនធានព្រៃឈើឱ្យកាន់តែសំបូរថែមទៀត ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូនតចៅ និងបានបង្កឱ្យអាកាសធាតុមានប្រក្រតីភាពជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រុក្ខទិវា ៩កក្កដា កើតឡើងពីព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរម រតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់កាលពីឆ្នាំ១៩៥២ ដើម្បីបំផុស និងលើកទឹកចិត្ដឱ្យកូនចៅរបស់ព្រះអង្គចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដុះដើមឈើនៅទូទាំងប្រទេស រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានបន្តរៀបចំជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩២ ហើយបច្ចុប្បន្នបានបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការបន្តគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃដោយរក្សាគម្របព្រៃឈើឱ្យលើសពី ៦០% នៃផ្ទៃប្រទេស ការស្តារព្រៃឈើឡើងវិញ ការទប់ស្កាត់ ការឆ្លើយតបទាន់ពេលវេលាទៅនឹងភ្លើងឆេះព្រៃ និងការអភិរក្សតំបន់ដីមមោក ការលើកកម្ពស់ការអភិវឌ្ឍចម្ការប្រកបដោយ ចីរភាព កាត់បន្ថយការពឹងផ្អែកលើការដកហូតអនុផលព្រៃឈើដោយការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីព្រៃ និងដីតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ ការលើកកម្ពស់ការអភិរក្សតំបន់ការពារធម្មជាតិព្រៃឈើ និងសត្វព្រៃ និងការបង្ក្រាបបទល្មើសព្រៃឈើ ការជួញ ដូរសត្វព្រៃ និងបទល្មើសធនធានធម្មជាតិ។ ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មហាសាលសម្រាប់ជីវិតមនុស្ស និងសត្វរស់នៅលើភពផែនដី ព្រៃឈើ និងប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើចូលរួមយ៉ាងសំខាន់ដល់គ្រប់ទិដ្ឋភាព នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ធានាសន្តិសុខស្បៀង និងបណ្ដាញសុវត្ថិភាព លើកកម្ពស់ជីវភាព ផ្តល់មុខរបរ និងកាត់បន្ថយភាពក្រីក្រ រក្សានិរន្តរភាពផលិតកម្មកំណើនសេដ្ឋកិច្ច និងភាពជាដៃគូធនធានទឹក ធនធានជលផល សន្តិសុខថាមពល ជីវចម្រុះ បន្សំាទៅនឹងការប្រែប្រួលអាកាសធាតុ។ ការបាត់បង់ព្រៃឈើអាចបណ្ដាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះ និងការរាំងស្ងួត ដែលបានធ្វើឱ្យទីតម្កល់ទឹកសម្រាប់តម្រូវការរបស់មនុស្ស សត្វ ដែលនឹងឈានទៅរកការបាត់បង់សត្វព្រៃ ធនធានមច្ឆាជាតិគ្រប់ប្រភេទ និងអាចបង្កឱ្យមានភាពរហោស្ថាន និងការធ្លាក់ចុះគុណភាពដីផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ធ្វើការអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដី វិស័យឯកជន និងជនរួមជាតិចូលរួមដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅតាមទីវត្តអារាម ទីសាធារណៈ រមណីយដ្ឋាន តាមដងផ្លូវលំ ផ្លូវជាតិ ដងប្រឡាយ ភូមិដ្ឋាននានា ដើម្បីបានជាម្លប់ ជាជម្រកមនុស្ស សត្វ ហើយបានឈើសំណង់ អុស ធ្យូង បង្កើនជីវជាតិដីកសិកម្ម ជួយទប់កម្លាំងខ្យល់កន្ត្រាក់ស្រូបឧស្ម័នកាបូ និច និងបម្រែបម្រួលធាតុអាកាសផងដែរ ។ សូមបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូសឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ចូលរួមថែ រក្សាការពារព្រៃឈើ ការពារភ្លើងឆេះព្រៃ ដើម្បីរក្សាការពារឱ្យបាននូវធនធានព្រៃឈើសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗ ស្របតាមពាក្យស្លោក «ព្រៃឈើដុះយើង រស់ ព្រៃឈើល្អ យើងមានបាន បើកាប់ព្រៃឈើ នឹងក្ររហេមរហាម»៕








ដោយ៖ ងូ សុមុនី





