អ៊ូសបេគីស្ថាន និងមេដឹកនាំរុស្ស៊ីសន្ទនាតាមទូរស័ព្ទស្តីពីការពង្រីកពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ -- សេវាកម្មសារព័ត៌មានរបស់ប្រធានាធិបតីអ៊ូសបេគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក សាវកាត់ មៀហ្សីយ៉ូយ៉េវ (Shavkat Mirziyoyev) និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) បានសន្ទនាតាមទូរស័ព្ទស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
សេវាសារព័ត៌មានបាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាដូចជាការពង្រឹងទំនាក់ទំនងរវាងប្រទេសអ៊ូសបេគីស្ថាន និងរុស្ស៊ីនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ពួកគេ។
ភាគីទាំងពីរក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះការអនុវត្តជាក់ស្តែងនៃកិច្ចព្រមព្រៀងនៅកម្រិតកំពូលជាចម្បងនៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
សេចក្តីថ្លែងការណ៍បាននិយាយថា មេដឹកនាំបានយកចិត្តទុកដាក់ចំពោះការបន្តការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអន្តរក្រសួង ដើម្បីបង្កើនទំហំពាណិជ្ជកម្ម ជំរុញគម្រោងកិច្ចសហប្រតិបត្តិការឧស្សាហកម្មក្នុងវិស័យអាទិភាព បង្កើតទំនាក់ទំនងប្រកបដោយផលិតភាពបន្ថែមទៀតនៅកម្រិតតំបន់ និងបង្កើនការផ្លាស់ប្តូរវប្បធម៌ មនុស្សធម៌ និងអប់រំ។
មេដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើរបៀបវារៈអន្តរជាតិរបស់ពួកគេ និងពិនិត្យមើលកាលវិភាគនៃព្រឹត្តិការណ៍នាពេលខាងមុខ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





