អេត្យូពីនឹងនាំចេញសណ្តែកសៀងទៅកាន់ប្រទេសចិនក្នុងឆ្នាំសារពើពន្ធថ្មី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ -- ក្រសួងពាណិជ្ជកម្ម និងសមាហរណកម្មតំបន់អេត្យូពីបានប្រកាសកាលពីថ្ងៃអង្គារថា ដំណាំសណ្តែកសៀងដែលជាផលិតផលសំណល់រឹងដែលត្រូវបានបង្កើតឡើងបន្ទាប់ពីការកិនដើម្បីទាញយកប្រេង ដែលផលិតនៅក្នុងឆ្នាំសារពើពន្ធថ្មីដោយចាប់ផ្តើមពីថ្ងៃទី៨ ខែកក្កដា នឹងត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
ប្រទេសចិនគឺជាគោលដៅនាំចេញកសិផលដ៏សំខាន់របស់ប្រទេសអេត្យូពី ហើយអនុលោមតាមកិច្ចព្រមព្រៀងដែលសម្រេចបានរវាងប្រទេសទាំងពីរ ការនាំចេញសណ្តែកសៀងអេត្យូពីនឹងបំពេញតាមស្តង់ដារអនាម័យរបស់ប្រទេសចិន និងគ្មានសត្វល្អិត។
លោក វ៉ុនឌីមូ ហ្វ្លេត (Wondimu Flate) នាយកផ្នែកទំនាក់ទំនងរបស់ក្រសួងបាននិយាយថា «ប្រទេសចិនគឺជាអ្នកទទួលផលិតផលកសិកម្មអេត្យូពីធំជាងគេមួយរបស់ពិភពលោក ហើយប្រទេសអេត្យូពីនឹងផ្គត់ផ្គង់ប្រទេសចិននូវផលិតផលសណ្តែកសៀងដែលមានគុណភាពខ្ពស់ស្របតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងប្រទេសទាំងពីរ»។
យោងតាមក្រសួងនេះ ប្រទេសអេត្យូពីបាននាំចេញសណ្តែកសៀងជាង ២៩.៤០០តោនទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២៤ ដោយទទួលបានប្រាក់ចំណូលប្រហែល ១៨លានដុល្លារអាម៉េរិក។
លោក ហ្វ្លេត បានបន្ថែមទៀតថា រដ្ឋាភិបាលអេត្យូពីគាំទ្រយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការធ្វើឱ្យប្រទេសអេត្យូពីក្លាយជាដៃគូពាណិជ្ជកម្មរបស់ខ្លួន ខណៈដែលប្រទេសអាហ្វ្រិកខាងកើតស្វែងរកជម្រើសទីផ្សារសម្រាប់ផលិតផលសណ្តែកសៀង បន្ទាប់ពីមានចំណាប់អារម្មណ៍ពាណិជ្ជកម្មកើនឡើងរវាងប្រទេសទាំងពីរ។ ប្រទេសអេត្យូពីប្តេជ្ញានាំចេញផលិតផលសណ្តែកសៀងប្រកបដោយគុណភាព ស្តង់ដារ និងលក្ខណៈប្រកួតប្រជែង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





