ថ្នាំញៀនជាងមួយលានគ្រាប់ត្រូវបានរឹបអូសនៅប្រទេសឡាវ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ -- អាជ្ញាធរឡាវបានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនជាងមួយលានគ្រាប់នៅខេត្តបូលីខេមសៃ ភាគកណ្តាលប្រទេសឡាវ បន្ទាប់ពីមានព័ត៌មានអំពីការរត់ពន្ធគ្រឿងញៀនទៅកាន់ប្រទេសជិតខាង។
យោងតាមសារព័ត៌មានសន្តិសុខឡាវកាលពីថ្ងៃអង្គារ បានឱ្យដឹងថា អាជ្ញាធរក្នុងតំបន់បានស្ទាក់ចាប់រថយន្តភីកអាប់ពណ៌សកាលពីថ្ងៃទី៤ ខែកក្កដា នៅជិតច្រាំងទន្លេក្នុងស្រុកថាផាបាតដែលមានចម្ងាយប្រហែល ២០០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីវៀងច័ន្ទ។
ការឆែកឆេររថយន្តនេះបានរកឃើញកាបូបចំនួន ៩ ដែលមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនសរុប ១.០៩០.០០០គ្រាប់។ អាជ្ញាធរកំពុងបន្តការស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យបន្ថែមពាក់ព័ន្ធនឹងបណ្តាញជួញដូរគ្រឿងញៀននេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





