លោក ណេតាន់យ៉ាហ៊ូ ប្រកាសពីការឧទ្ទេសនាមលោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសពីការឧទ្ទេសនាមប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងអំឡុងពេលជួបជាមួយមេដឹកនាំអាម៉េរិកនៅសេតវិមានថា «ខ្ញុំចង់បង្ហាញជូនលោកប្រធានាធិបតីនូវលិខិតដែលខ្ញុំបានផ្ញើទៅគណៈកម្មាធិការពានរង្វាន់ណូបែល ដោយបានឧទ្ទេសនាមលោកសម្រាប់ពានរង្វាន់សន្តិភាពនោះ ដែលលោកសមនឹងទទួលបាន»។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយបន្ថែមថា លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ ក្នុងគោលបំណងសម្រេចបាននូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក និងជាពិសេសនៅតំបន់មជ្ឈិមបូព៌ា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





