វេទិកាធុរកិច្ចអេមីរ៉ាត់អារ៉ាប់រួមផ្តោតសំខាន់ទៅលើទំនាក់ទំនងយុទ្ធសាស្ត្រ និងឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង-អេមីរ៉ាត់អារ៉ាប់រួម
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ -- មន្ត្រីជាន់ខ្ពស់មកពីអេមីរ៉ាត់អារ៉ាប់រួម បាននិយាយកាលពីពេលថ្មីៗនេះថា ភាពជាដៃគូរវាងប្រទេសកូរ៉េខាងត្បូង និងអេមីរ៉ាត់អារ៉ាប់រួមបានវិវត្តន៍ទៅជាគំរូនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនេះអាចធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនៅក្នុងវិស័យមួយចំនួន ដូចជាវិស័យថាមពល និងជីវៈបច្ចេកវិទ្យាជាដើម។
ពួកគេបានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរនៅក្នុងវេទិកាធុរកិច្ចអេមីរ៉ាត់អារ៉ាប់រួម ដែលត្រូវបានរៀបចំឡើងដោយក្លឹបធុរកិច្ចសកលលោកនៃសារព័ត៌មានកូរ៉េថាមស៍ (GBC) រួមគ្នាជាមួយសារព័ត៌មាននៃស្ថានទូតអេមីរ៉ាត់អារ៉ាប់រួមប្រចាំនៅកូរ៉េខាងត្បូង ក្រុមតំបន់សេដ្ឋកិច្ចខាលីហ្វា អាប៊ូ ដាប៊ី (KEZAD) និងក្រុមប្រឹក្សាយុវជនអេមីរ៉ាត់អារ៉ាប់រួម។
ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកដឹកនាំធុរកិច្ច និងអ្នកជំនាញវ័យក្មេង វេទិកានេះបានលើកឡើងអំពីភាពស៊ីជម្រៅ និងភាពសម្បូរបែបនៃទំនាក់ទំនងកូរ៉េខាងត្បូង-អេមីរ៉ាត់អារ៉ាប់រួម ដែលរួមមានថាមពលស្អាត ការផលិតកម្រិតខ្ពស់ ជីវៈបច្ចេកវិទ្យា និងបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មទីបួន។
នៅក្នុងការថ្លែងសុន្ទរកថាស្វាគមន៍ ឯកអគ្គរដ្ឋទូតអេមីរ៉ាត់អារ៉ាប់រួមប្រចាំទីក្រុងសេអ៊ូល លោក អាប់ឌុលឡា សៃហ្វ អាល់ នូអៃមី (Abdulla Saif Al Nuaimi) បានសង្កត់ធ្ងន់ថា ទំនាក់ទំនងទ្វេភាគីបានវិវត្តទៅជាគំរូនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។
លោកបានបន្តថា «ភាពជាដៃគូរបស់អេមីរ៉ាត់អារ៉ាប់រួម និងសាធារណរដ្ឋកូរ៉េ បានត្រៀមខ្លួនជាគំរូនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងតំបន់មជ្ឈិមបូព៌ា និងអាស៊ីបូព៌ា។ តាមរយៈការប្រើកម្លាំងបំពេញបន្ថែមនៅក្នុងជីវៈបច្ចេកវិទ្យា ការថែទាំសុខភាព ថាមពល បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ ប្រទេសទាំងពីរ បានសន្យាថានឹងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចដែលមានភាពធន់ និងចម្រុះ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





