លោក ត្រាំ និងលោក ហ្សេលេនស្គី ពិភាក្សាគ្នាតាមទូរសព្ទអំពីការជំនួសឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានពិភាក្សាអំពីការជំនួសឯកអគ្គរដ្ឋទូតបច្ចុប្បន្នរបស់ទីក្រុងគៀវប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទលើកចុងក្រោយរបស់មេដឹកនាំទាំងពីរកាលពីថ្ងៃសុក្រសប្តាហ៍មុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានប្ល៊ូមបឺកបានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់សម្តីមនុស្សម្នាក់ដែលដឹងអំពីបញ្ហានេះ។
យោងតាមការរាយការណ៍នោះ បានឱ្យដឹងថា បញ្ជីបេក្ខជនដែលមានសក្តានុពលដើម្បីជំនួសលោក អុកសាណា ម៉ាការ៉ូវ៉ា (Oksana Markarova) រួមមានដូចជានាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្ម៊ីហាល់ (Denys Shmyhal) ឧបនាយករដ្ឋមន្ត្រី លោក អូលហា ស្តេហ្វានីសស៊ីណា (Olha Stefanishyna) រដ្ឋមន្ត្រីការពារជាតិ លោក រូស្ទែម យូម៉េរ៉ូវ (Rustem Umerov) និងរដ្ឋមន្ត្រីថាមពល លោក ជើមេន ហ្គាលូស្សឆេនកូ (German Galushchenko)។
ការរាយការណ៍ដែលបានដកស្រង់សំដីប្រភពដដែលនោះបាននិយាយថា លោក ហ្សេលេនស្គី បានណែនាំក្រសួងការបរទេសឱ្យពិភាក្សាអំពីការតែងតាំងនេះជាមួយភាគីអាម៉េរិក។
លោក ម៉ាការ៉ូវ៉ា ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅសហរដ្ឋអាមេរិកក្នុងខែកុម្ភៈ ឆ្នាំ២០២១។
លោក ហ្សេលេនស្គី បាននិយាយនៅលើបណ្តាញសង្គមអ៊ិច (X) ថា លោកមានការហៅទូរស័ព្ទដ៏សំខាន់មួយ និងប្រកបដោយផ្លែផ្កាជាមួយលោក ត្រាំ ដោយលោកបានពណ៌នាថា វាប្រហែលជាការសន្ទនាដ៏ល្អបំផុតដែលយើងមានរហូតមកដល់ពេលនេះ។
អាជ្ញាធរអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទៅលើការរាយការណ៍នេះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





