ឯកឧត្តម អ៊ុំ រាត្រី ប្រគេនគ្រឿងបរិក្ខារ និងបច្ច័យដល់ព្រះសង្ឃ២២វត្ត ក្នុងក្រុងសិរីសោភ័ណ ក្នុងឱកាសចូលព្រះវស្សាឆ្នាំ២០២៥
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយលោកជំទាវ ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទជាច្រើនរូប នាព្រឹកថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញប្រគេនគ្រឿងបរិក្ខារ និងបច្ច័យដល់ព្រះសង្ឃចំនួន២២វត្ត ក្នុងក្រុងសិរីសោភ័ណ ដើម្បីចូលរួមចំណែកក្នុងពិធីបុណ្យចូលព្រះវស្សាប្រចាំឆ្នាំ២០២៥ ក្រោមបរិយាកាសដ៏ឧឡារិក និងពោរពេញដោយសទ្ធាជ្រះថ្លា។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃពិធីបុណ្យចូលព្រះវស្សា ដែលជាប្រពៃណីដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនា។ ការប្រគេនគ្រឿងបរិក្ខារ និងបច្ច័យនាពេលនេះគឺជាការបង្ហាញនូវសទ្ធាជ្រះថ្លារបស់អាជ្ញាធរខេត្ត ក៏ដូចជាប្រជាពលរដ្ឋចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ការគាំទ្រនេះ គឺដើម្បីជួយសម្រួលដល់កិច្ចការព្រះពុទ្ធសាសនា និងលើកស្ទួយវិស័យពុទ្ធចក្រឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមបានបញ្ជាក់ថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ សុជីវធម៌ដល់សង្គមជាតិ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ។ វត្តអារាមមិនត្រឹមតែជាទីកន្លែងប្រតិបត្តិធម៌ប៉ុណ្ណោះទេ តែថែមទាំងជាមជ្ឈមណ្ឌលនៃការផ្សព្វផ្សាយចំណេះដឹង និងបណ្ដុះគំនិតល្អៗដល់ពុទ្ធបរិស័ទផងដែរ។ ការគាំទ្រវត្តអារាមគឺស្មើនឹងការរួមចំណែកដល់ការអភិវឌ្ឍសង្គមទាំងមូល។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានបន្ថែមថា ព្រះពុទ្ធសាសនាបានបង្រៀនឱ្យមនុស្សចេះអត់ធ្មត់ ចេះអធ្យាស្រ័យ និងចេះរស់នៅដោយសុខដុមរមនា ដែលជាកត្តាចម្បងក្នុងការរក្សាសន្តិភាព និងស្ថិរភាពសង្គម និងបានអំពាវនាវដល់ព្រះសង្ឃគ្រប់អង្គ បន្តរួមចំណែកផ្សព្វផ្សាយព្រះធម៌ និងអប់រំប្រជាពលរដ្ឋឱ្យប្រកាន់ខ្ជាប់នូវគន្លងធម៌ ដើម្បីសេចក្តីសុខសាន្តរបស់ប្រទេសជាតិ។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមចំណែកធ្វើបុណ្យទាន និងគាំទ្ររាល់សកម្មភាពរបស់អាជ្ញាធរខេត្ត ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា។
សូមជម្រាបជូនថា ពិធីបុណ្យចូលព្រះវស្សាគឺជាបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗរបស់ព្រះពុទ្ធសាសនា ដែលព្រះសង្ឃគ្រប់អង្គគង់ចាំវស្សារយៈពេល៣ខែ ក្នុងវត្តអារាមណាមួយ ដោយមិននិមន្តទៅកន្លែងណាឆ្ងាយឡើយ លើកលែងតែមានកិច្ចការចាំបាច់ណាមួយ។ ក្នុងអំឡុងពេលនេះ ព្រះសង្ឃនឹងខិតខំសិក្សាព្រះធម៌ វិន័យ និងប្រតិបត្តិធម៌ដើម្បីអប់រំកាយ វាចាចិត្តឱ្យបរិសុទ្ធ។ ចំណែកឯពុទ្ធបរិស័ទវិញ ក៏បានឆ្លៀតឱកាសនេះនាំគ្នារៀបចំចង្ហាន់ បច្ច័យ និងគ្រឿងបរិក្ខារផ្សេងៗ ដើម្បីប្រគេនដល់ព្រះសង្ឃ ដែលបានគង់ចាំវស្សាក្នុងវត្តអារាមរបស់ខ្លួន។ ការប្រគេនគ្រឿងបរិក្ខារ និងបច្ច័យពីសំណាក់ឯកឧត្តមអភិបាលខេត្ត និងសហការី នាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តចំពោះការរីកចម្រើននៃជំនឿសាសនា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សង្គមជាតិមួយដ៏សុខសាន្ត៕
ដោយ ឈុន សារ៉ាត





