ព្រះមហាក្សត្រ៖ រុក្ខទិវា ជាវប្បធម៌ដ៏ប្រសើរ និងជាចលនាជាតិមួយដ៏សំខាន់ ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិ ប្រកបដោយចីរភាព
AKP កំពង់ចាម ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥--ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការថា ពិធី “រុក្ខទិវា” ជាវប្បធម៌ដ៏ប្រសើរ និងជាចលនាជាតិមួយដ៏សំខាន់ ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោលនយោបាយជាតិ ក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិ ប្រកបដោយចីរភាព។

ក្នុងខណៈស្ដេចយាងជាព្រះរាជអធិតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធី“រុក្ខទិវា”នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ដែលដង្ហែរអមព្រះរាជដំណើរដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងនោះ ព្រះករុណាព្រះមហាក្សត្របានគូសបញ្ជាក់ថា ការរក្សាការពារព្រៃឈើ ដែលជាជម្រកដ៏សំខាន់បំផុត របស់សត្វគ្រប់ប្រភេទ រក្សាទឹកនិងជីវៈចម្រុះ ទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់ និងជាការសន្សំបុណ្យ កុសលដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូបផងដែរ ហើយត្រូវបានព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់ នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សនទានរួម ដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ការបង្កើនធនធានធម្មជាតិដែលមានតម្លៃសម្បូរគ្រប់យ៉ាង ធានាបានជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជារាស្ត្រ ដែលអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ ក្រោយរបស់យើង។ ព្រះអង្គ ក៏បានសម្ដែងនូវព្រះទ័យអរគុណ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែង សម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម សំដៅធានាសន្តិសុខស្បៀង លើកកម្ពស់ ជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសហគមន៍ ដើម្បីចូលរួមចំណែកសម្រេចគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមនេះដែរ ការយកចិត្តទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងសត្វព្រៃ ដើម្បី ធានានិរន្តរភាពបរិស្ថាននិងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះអង្គមានព្រះរាជឱង្ការរំលឹកថា ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធីរុក្ខទិវា”ជាចលនា ជាតិដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅតាមខេត្តនានាក្នុងសម័យសង្គមរាស្ត្រនិយមមក ដើម្បីបំផុស និងលើកទឹកចិត្តឱ្យកូនចៅជាទីស្រឡាញ់របស់ព្រះអង្គឱ្យចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើម ឈើនៅទូទាំងប្រទេស។ ព្រះអង្គបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើម ឈ្លាសវៃ និងដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបច្ចុប្បន្នបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានបន្តរៀបចំពិធី “រុក្ខទិវា ជារៀងរាល់ឆ្នាំ។ ព្រះករុណា ព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិនានា ដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សា ការពារធនធាន ព្រៃឈើ សត្វព្រៃ និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹង ប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល។ ជាមួយគ្នានេះដែរ ព្រះអង្គក៏បានឧទ្ទិសឱ្យពិធីរុក្ខទិវា”នេះ ស្ថិតក្នុងបេះដូងរបស់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណីនិងចលនាជាតិនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ ការថែរក្សាការពារ និងអភិវឌ្ឍន៍ធនធានព្រៃឈើ សត្វព្រៃ ដែលជាមរតកជាតិរបស់យើងឱ្យបានគង់វង្សរហូតតទៅ។ ការ ដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទនេះ គឺជាការវិនិយោគបៃតងលើធម្មជាតិដែលផ្តល់ពហុប្រយោជន៍ សម្រាប់មនុស្សជាតិយើងទាំងអស់គ្នា សត្វ ភពផែនដី និងធ្វើឱ្យមូលដ្ឋានភូមិ-ឃុំ របស់យើងមានទេសភាពពណ៌បៃតង និងរស់រវើកគ្រប់រដូវកាល។

បើតាមរបាយការណ៍ របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ស្របតាមព្រះរាជបញ្ញាញាណដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហស្ថរបស់ ព្រះករុណាព្រះបរមរតនកោដ្ឋ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតឡើងវិញនូវពិធីរុក្ខទិវា ៩ កក្កដានៅឆ្នាំ១៩៩០ និងបានចាប់ផ្តើមប្រារព្ធពិធីនេះឡើងវិញជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩២មក។ មកទល់ពេលនេះ ព្រឹត្តិការណ៍រុក្ខទិវា បានបង្កើតជាចលនាជាតិស្រឡាញ់ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឡើងវិញនៅគ្រប់ទិសទីទូទាំងប្រទេស ដោយបង្កើតបានជាចម្ការឈើ និងសួនសាធារណៈរាប់សែនហិកតា នៅតាមវត្តអារាមសាលារៀន ទីធ្លាសាធារណៈ សហគមន៍ និងរមណីយដ្ឋាននានា។ គិតត្រឹមឆ្នាំ២០២៥ រដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលព្រៃឈើបានបណ្តុះ និងដាំកូនឈើជាង២១លានដើមដោយប្រើប្រាស់ថវិការដ្ឋ ខណៈដែលកូនឈើជាច្រើនលានដើមផ្សេងទៀតត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្ម ដូចជាស្វាយ ខ្នុរ ដូង ដូងប្រេង កៅស៊ូ និងស្វាយចន្ទីជាដើម។ល។ សម្រាប់ពិធីរុក្ខទិវា ៩ កក្កដាលើកទី៣០នេះកូនឈើចម្រុះប្រភេទ មានដូចជា ធ្នង់ នាងនួន គ្រញូង បេង ក្ងោក និងត្របែកព្រៃសរុបចំនួន ១៥ ០០០ដើម នឹងត្រូវដាំក្នុងសួនរុក្ខទិវាទំហំ១០ហិកតា ស្ថិតក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរស្រុកចំការលើ ខេត្តកំពង់ចាម៕

ដោយ៖ ជឹម ណារី





