លោកជំទាវ ភឿង សកុណា ជួបសម្តែងការគួរសមជាមួយប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៧
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥-- នៅទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យក៏បានចូលជួបសម្តែងការគួរសមជួបពិភាក្សាជាមួយឯកឧត្តមសាស្ត្រាចារ្យ Nikolay Nenov ដើម្បីបង្ហាញអំពីបំណងល្អរបស់កម្ពុជាក្នុងការចូលរួមចំណែកលើកកម្ពស់តួនាទីរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក៏ដូចជាការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើផ្នែកវប្បធម៌ និងបេតិកភណ្ឌ។

ឯកឧត្តម សាស្ត្រាចារ្យ Nikolay Nenov បានរំលឹកអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងប្រទេសប៊ុលហ្គារីកាលពីអតីតកាល និងបានសន្យាគាំទ្រ ព្រមទាំងជំរុញឱ្យមានកិច្ចសហការជាមួយកម្ពុជាលើវិស័យវប្បធម៌ និងបេតិកភណ្ឌផង៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





