ជំនួបសន្ទនារកដំណោះស្រាយផលប៉ះពាល់គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥-- ក្នុងជំនួបសន្ទនារកដំណោះស្រាយផលប៉ះពាល់គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រា នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម- ព្រែកប្រា) មកដល់ពេលនេះ ផលប៉ះពាល់មួយចំនួនធំត្រូវបានដោះស្រាយបញ្ចប់ ប៉ុន្តែមានប្រជាពលរដ្ឋចំនួន៣គ្រួសារប៉ុណ្ណោះ មិនទាន់ទទួលយកសំណងពីអាជ្ញាធរនៅឡើយទេ បើទោះបីអាជ្ញាធររាជធានីភ្នំពេញបានសម្រេចប្រគល់សំណងជូនពួកគាត់ជាង៣លានដុល្លារយ៉ាងណាក្តី។ ជាក់ស្តែងនៅរសៀលថ្ងៃទី០៨ ខែកក្កដា ឯកឧត្តមអភិបាលរាជធានីបានអញ្ជើញពួកគាត់ទាំង៣គ្រួសារមកប្រជុំពិភាក្សារកដំណោះស្រាយម្តងទៀត នៅសាលារាជធានីភ្នំពេញ។

ក្នុងជំនួបនោះ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ដីរបស់បងប្អូនដែលរងផលប៉ះពាល់នេះ យើងមិនមែនយកមកដើម្បីជាប្រយោជន៍ខ្លួនឯងទេ គឺដើម្បីធ្វើស្ពាន ធ្វើផ្លូវឱ្យប្រជាពលរដ្ឋទូទៅបានធ្វើដំណើរ ដោះស្រាយការកកស្ទះចរាចរណ៍ ដូច្នេះសូមបងប្អូនទាំង៣គ្រួសារមេត្តាយោគយល់ អាជ្ញាធរក្នុងនាមជាម៉ែជាឪប្រជាពលរដ្ឋ មិនចង់ប៉ះពាល់ជាមួយប្រជាពលរដ្ឋទេ សូមកុំទារសំណងថ្លៃខ្លាំងពេក រហូតរដ្ឋមិនអាចទទួលយកបាន។ តម្លៃដីរហូតដល់ជាង៣លានដុល្លារនេះសមល្មមហើយ ប៉ុន្តែបងប្អូននៅតែទទួលយកមិនបាន។ បងប្អូនអាចជួលក្រុមហ៊ុនអចលនទ្រព្យចំនួន២ក្រុមហ៊ុន មកសិក្សាពីតម្លៃនៅលើទីតាំងបងប្អូនបាន ដោយរដ្ឋបាលរាជធានីភ្នំពេញសុខចិត្តចេញលុយថ្លៃក្រុមហ៊ុនឱ្យថែមទៀត។ បើនៅតែមិនត្រូវគ្នាទៀត រដ្ឋបាលរាជធានីភ្នំពេញគ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការរដ្ឋបាលដើម្បីរុះរើនោះទេ ព្រោះល្មមដល់ពេលហើយ មិនអាចបន្តដោះស្រាយទៅមុខទៀតទេ។ ក្រោយការអនុវត្តច្បាប់រដ្ឋបាលដើម្បីរុះរើ បងប្អូនអាចបន្តប្តឹងទៅតុលាការបាន។ ថវិកាជាង៣លានដុល្លារដែលនឹងប្រគល់ជូននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចរួចហើយ មិនអាចបន្ថែមបានទៅតាមការទាមទារស្រេចតែចិត្តនោះទេ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលរាជធានីបានមានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញមានជម្រើស២សម្រាប់បងប្អូន គឺទី១. បងប្អូនទាំង៣គ្រួសារអាចរុះរើដោយខ្លួនឯង រដ្ឋបាលរាជធានីភ្នំពេញនឹងប្រគល់ថវិកាជូនថ្លៃរុះរើចំនួន១០ម៉ឺនដុល្លារ និងទី២. រដ្ឋបាលរាជធានីភ្នំពេញនឹងជួលគេឱ្យមករុះរើ។ មែនទែនទៅអាជ្ញាធររាជធានីភ្នំពេញមិនមានចេតនាណាមួយចង់អនុវត្តវិធានការរដ្ឋបាល ដើម្បីរុះរើនោះទេ តែវាដល់ពេលហើយ៕


ដោយ សួស សំរិត





