ក្រុមប្រឹក្សាខេត្តតាកែវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ ជាមួយរដ្ឋបាលខេត្តតាកែវ
AKP តាកែវ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥-- នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ក្រុមប្រឹក្សាខេត្តតាកែវបានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ ជាមួយរដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម យសណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងដោយមានការចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តតាកែវ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលអភិបាលរងក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីរាជការពាក់ព័ន្ធ។

ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តតាកែវក្នុងពេលនោះ ឯកឧត្តម នុត ខុន សមាជិកក្រុមប្រឹក្សាខេត្តតាកែវ បានសម្ដែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ តាមរយៈការប្ដឹងទៅតុលាការអន្តរជាតិ និងបានគាំទ្រដល់វីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ពកម្ពុជាយើង ដែលបានឈរជើងការពារព្រំដែននៅសមរភូមិជួរមុខ។ ការឈ្លានពានរបស់ទាហានថៃ មកលើបូរណភាពទឹកដីប្រទេសកម្ពុជាយើង បានធ្វើឱ្យមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវបានធ្វើការប្ដេជ្ញាចិត្តក្នុងការគាំទ្រ ការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងបាននាំគ្នាបរិច្ចាគសម្ភារ និងថវិកាយកទៅផ្ដល់ជូនបងប្អូនកងទ័ព ដែលកំពុងតែឈរជើងការពារព្រំដែន នៅសមរភូមិជួរមុខថែមទៀតផង។ក្នុងនាមមន្ត្រីរាជការនិងប្រជាពលរដ្ឋដែលនៅសមរភូមិក្រោយ នឹងបន្តសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការគាំទ្រទាំងស្មារតីសម្ភារ និងថវិកាដល់បងប្អូនកងទ័ព ដែលកំពុងតែឈរជើងការពារព្រំដែនដ៏អង់អាចក្លាហានពីការឈ្លានពានរបស់ប្រទេសថៃ។

ឆ្លើយតបនឹងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានថ្លែងថា កន្លងមកអាជ្ញាធរខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ បានធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ តាមរយៈការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ។ ចំពោះបងប្អូនកងទ័ព ដែលកំពុងតែការពារព្រំដែននៅសមរភូមិមុខ យើងបានគាំទ្រទាំងស្មារតីសម្ភារ និងថវិកា តាមរយៈការចុះសួរសុខទុក្ខនាំយកសម្ភារ និងថវិការបស់បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការក្នុងខេត្តតាកែវ មកជួយឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត ដើម្បីយកទៅផ្ដល់ជូនដល់កងទ័ពនៅសមរភូមិមុខផងដែរ៕


ដោយ អ៊ុច សៀង





