អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកឡើងថា កម្ពុជាកំពុងឆក់ឱកាសពង្រីកទីផ្សារ ហើយកម្ពុជាមិនបានពឹងផ្អែកទៅលើប្រទេសតែមួយនោះទេ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២៥--ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិកបានលើកឡើងថា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមួយចំនួនបន្ថែមទៀត ហើយកម្ពុជាកំពុងពង្រីកទីផ្សារជាមួយបណ្តាប្រទេសផ្សេងៗទៀត ដោយយើងមិនបានពឹងផ្អែកតែទៅលើទីផ្សារតែមួយនោះទេ។ ការលើកឡើងរបស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី "អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក" បន្ទាប់ពីទទួលបានការជូនដំណឹងជាផ្លូវការពី រដ្ឋបាលសហរដ្ឋអាម៉េរិក នាសៀលថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២៥ នៅក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា «យើងយកឱកាសនេះដើម្បីធ្វើប្រព្រឹត្តកម្ម សេដ្ចកិច្ចរបស់យើងផង យើងពង្រីកទីផ្សារឱ្យបានច្រើនផង ជាពិសេសទីផ្សារធំៗដូចជាប្រទេសចិន។ យើងបានចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ហើយនៅថ្ងៃខាងមុខយើងនឹងមានកិច្ចប្រជុំបន្ថែមទៀត ដើម្បីរកនីតិវិធីធ្វើយ៉ាងណានាំផលិតផល, កសិកផលកសិកម្មយើងទៅកាន់ទីផ្សារប្រទេសចិនឱ្យបានច្រើនបន្ថែមទៀត។ នេះជាការងារដែលក្រសួងពាណិជ្ជកម្មកំពុងធ្វើ ហើយយើងនឹងប្រជុំជាមួយសម្តេច បវរធិបតី នៅថ្ងៃទី១៦ខាងមុខ ដើម្បីពង្រីកទីផ្សារប្រទេសចិន យើងមានវិធានការសព្វគ្រប់យ៉ាងអស់ហើយ។»

សូមជម្រាបជូនថា សហរដ្ឋអាមេរិក បានទម្លាក់តម្លៃពន្ធជាមួយកម្ពុជាពី ៤៩ភាគរយ មកនៅត្រឹម ៣៦ភាគរយ ពោលគឺបានថយចុះចំនួន ១៣ភាគរយ (ប្រៀបធៀបជាភាគរយថយចុះប្រមាណ ២៦,៥ភាគរយ បើធៀបនឹងអត្រាពន្ធដែលបានដាក់ចេញកាលពីថ្ងៃទី០២ មេសា ២០២៥) ធ្វើឱ្យកម្ពុជា គឺជាប្រទេសស្ថិតនៅលើកំពូលតារាង ដែលទទួលបានការបន្ថយអត្រាពន្ធខ្ពស់ជាងគេ ក្នុងចំណោមប្រទេសទាំង១៤ ផ្សេងទៀត។ ការបញ្ចុះអត្រាពន្ធនេះ គឺជាលទ្ធផលវិជ្ជមានដែលកើតចេញពីការចរចារដោយស្មោះត្រង់ ជាមួយនឹងភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តចរចាជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការនេះបន្ថែមទៀត ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានបន្ថែមទៀតថា ក្រុមការងារចំពោះកិច្ច បាននិងកំពុងបន្តការងារយ៉ាងសស្រាក់សស្រាំ ក្នុងការទំនាក់ទំនងជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដើម្បីបន្តកិច្ចចរចានេះ៕
ដោយ៖ មករា រូបថត៖ សិរី ឧត្ដម





