ខេត្តបន្ទាយមានជ័យពង្រឹងការងារទប់ស្កាត់ការដឹកជញ្ជូនឆ្លងដែនខុសច្បាប់ និងរឹតបន្តឹងព្រំដែនកម្ពុជា-ថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥-- គម្រោងស្ដារ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយ ចាប់ពីក្រុងសិរីសោភ័ណ ដល់ក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ប្រវែង ៣៥,១៤ គីឡូម៉ែត្រ បានសម្រេចវឌ្ឍនភាពការងាររួម ៣២% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥ នេះ។ គម្រោងដ៏សំខាន់នេះត្រូវបានរំពឹងថានឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៦ ប្រសិនបើគ្មានការប្រែប្រួលណាមួយកើតឡើងនេះយោងប្រភពរបាយការណ៍ក្រសួងសាធារណការនិងដឹកជញ្ជូន។

របាយការណ៍នេះបានបង្ហាញឱ្យដឹងទៀតថា ផ្លូវជាតិលេខ៥ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា តភ្ជាប់រាជធានីភ្នំពេញ ទៅកាន់តំបន់ភាគពាយ័ព្យនៃប្រទេស រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលជាច្រកដ៏មមាញឹកបំផុតមួយជាមួយប្រទេសថៃ។ ការអភិវឌ្ឍកំណាត់ផ្លូវនេះ មានសារៈសំខាន់ណាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងសម្រួលដល់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឱ្យកាន់តែមានប្រសិទ្ធភាព។ ផ្លូវជាតិលេខ៥មានតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដោយសារផ្លូវនេះជាផ្នែកមួយនៃ "ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង" ដែលតភ្ជាប់ប្រទេសវៀតណាម កម្ពុជា និងថៃ ដែលជាផ្លូវយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនទំនិញ និងពាណិជ្ជកម្មឆ្លងដែន។ ការធ្វើឱ្យប្រសើរឡើងនូវផ្លូវនេះ នឹងជួយកាត់បន្ថយពេលវេលា និងថ្លៃដើមនៃការដឹកជញ្ជូន ជំរុញសកម្មភាពសេដ្ឋកិច្ច និងបង្កើនលំហូរទំនិញរវាងប្រទេសទាំងបី។

ជាមួយនឹងការកែលម្អគុណភាពផ្លូវ វានឹងទាក់ទាញការវិនិយោគកាន់តែច្រើនមកកាន់តំបន់តាមបណ្ដោយផ្លូវ ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ដែលជាមជ្ឈមណ្ឌលឧស្សាហកម្ម និងពាណិជ្ជកម្មដ៏សំខាន់។ ផ្លូវនេះក៏ជាច្រកសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង សៀមរាប និងតំបន់ទេសចរណ៍ផ្សេងទៀតនៅភាគពាយព្យ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្អ នឹងជួយសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់វិស័យទេសចរណ៍។ ផ្លូវដែលមានគុណភាពល្អ ជួយឱ្យប្រជាកសិករអាចដឹកជញ្ជូនផលិតផលកសិកម្មរបស់ពួកគេទៅកាន់ទីផ្សារបានលឿន និងងាយស្រួលជាងមុន ដែលអាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ ការពង្រីក និងលើកកម្ពស់គុណភាពផ្លូវ នឹងជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យការធ្វើដំណើរមានសុវត្ថិភាពជាងមុនសម្រាប់អ្នកប្រើប្រាស់ផ្លូវទាំងអស់។

ជាមួយគ្នានោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ទាំងអស់ ឱ្យបើកបរដោយប្រុងប្រយ័ត្នខ្ពស់ ដោយរក្សាល្បឿនសមរម្យដែលអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពទាំងខ្លួនឯង និងអ្នកដទៃ។ ការបើកបរក្នុងល្បឿនសមល្មម ក៏ជួយកាត់បន្ថយការហុយធូលីដី ឬភក់ ដែលអាចប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវផងដែរ។ ទន្ទឹមនឹងនោះ ក្រសួងក៏បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ និងអ្នកធ្វើដំណើរទាំងអស់ មានការយោគយល់ និងអធ្យាស្រ័យខ្ពស់ ចំពោះផលប៉ះពាល់មួយចំនួនដែលអាចកើតមានឡើងក្នុងអំឡុងពេលដំណើរការសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥នេះ។

គម្រោងនេះគឺជាការបោះជំហានដ៏សំខាន់មួយទៀតក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជា ដែលនឹងរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេស។ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីព្រែកក្តាម ខេត្តកណ្ដាល រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។គម្រោងនេះត្រូវបានបែងចែកជា ៣ ផ្នែកធំៗ៖ ផ្នែកខាងជើង (បាត់ដំបង - សិរីសោភ័ណ) មានប្រវែង ៨៤.៧៤ គីឡូម៉ែត្រ។ ផ្នែកនេះត្រូវបានបញ្ចប់ និងសម្ពោធដាក់ឱ្យប្រើប្រាស់រួចរាល់ហើយ។ ផ្នែកកណ្ដាល (ធ្លាម្អម - បាត់ដំបង) មានប្រវែង ១៤៦.០៤ គីឡូម៉ែត្រ។ ផ្នែកខាងត្បូង (ព្រែកក្តាម - ធ្លាម្អម): មានប្រវែង ១៣៥.២៤ គីឡូម៉ែត្រ។ ក្រៅពីនេះ នៅមានកំណាត់ផ្លូវជាតិលេខ ៥ ចុងក្រោយពី សិរីសោភ័ណ ទៅប៉ោយប៉ែត ដែលមានប្រវែង ៣៥.១៤ គីឡូម៉ែត្រ កំពុងដំណើរការសាងសង់ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៦។ ដូច្នេះ ផ្លូវជាតិលេខ៥ទាំងមូល គឺភាគច្រើនបានស្ថាបនារួចហើយ ដោយនៅសល់តែកំណាត់ចុងក្រោយពីសិរីសោភ័ណទៅប៉ោយប៉ែតប៉ុណ្ណោះដែលកំពុងស្ថិតក្នុងការសាងសង់បញ្ចប់នោះ៕
ដោយ ឈុន សារ៉ាត





