ខេត្តបន្ទាយមានជ័យពង្រឹងការងារទប់ស្កាត់ការដឹកជញ្ជូនឆ្លងដែនខុសច្បាប់ និងរឹតបន្តឹងព្រំដែនកម្ពុជា-ថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យការដឹកជញ្ជូនឆ្លងដែនខុសច្បាប់ និងការងាររឹតបន្តឹងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដោយនៅសាលប្រជុំ (ក) សាលាខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ុំ រាត្រី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការងារត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ជាតិ និងបានជំរុញឱ្យមានការពង្រឹងកិច្ចសហការឲ្យកាន់តែជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមមានអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងចាត់វិធានការទប់ស្កាត់បទល្មើសប្រកបដោយប្រសិទ្ធភាព ត្រូវបង្កើនការល្បាតជាប្រចាំ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ក៏ដូចជាច្រករបៀងធម្មជាតិទាំងអស់ ដើម្បីទប់ស្កាត់ការរត់ពន្ធទំនិញខុសច្បាប់ ការជួញដូរគ្រឿងញៀន ការឆ្លងដែនដោយខុសច្បាប់ និងបទល្មើសផ្សេងៗទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន ឱ្យយល់ដឹងពីច្បាប់ស្ដីពីព្រំដែន និងផលប៉ះពាល់នៃការប្រព្រឹត្តបទល្មើសឆ្លងដែនខុសច្បាប់ ត្រូវអនុវត្តច្បាប់ម៉ឺងម៉ាត់ រាល់ករណីបទល្មើសឆ្លងដែនខុសច្បាប់ ត្រូវតែអនុវត្តតាមច្បាប់ជាធរមានដោយគ្មានការលើកលែង ដើម្បីជាការព្រមានដល់ជនល្មើសផ្សេងទៀត ព្រមទាំងបានផ្តល់អនុសាសន៍ឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តដើរតួនាទីយ៉ាងសកម្មក្នុងការប្រមូលព័ត៌មាន និងរាយការណ៍ពីសកម្មភាពសង្ស័យនៅតាមមូលដ្ឋានរបស់ខ្លួន ជូនដល់កម្លាំងមានសមត្ថកិច្ចដើម្បីចាត់វិធានការទាន់ពេលវេលានោះ។

ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមព្រំដែនកន្លងមក។ ឯកឧត្តមសង្ឃឹមថា កិច្ចប្រជុំនេះនឹងក្លាយជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការជំរុញការងារត្រួតពិនិត្យការដឹកជញ្ជូនឆ្លងដែនខុសច្បាប់ និងការងាររឹតបន្តឹងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕


ដោយ ឈុន សារ៉ាត





