កម្លាំងជំនាញចម្រុះបន្តចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាបនៅរដូវត្រីពងកូនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥-- លោក គន ចាន់សីហា សង្កាត់រដ្ឋបាលជលផលស្ទោង សហការជាមួយកម្លាំងផ្នែកសឹករងស្រុកដឹកនាំសហគមន៍នេសាទបឹងប្រសាចុះបង្រ្កាបបទល្មើសជលផលនៅចំណុចអូរក្រពើ ស្ពានគោលដងស្ទឹងនាងសល្ងាចឃុំ កំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។ ជាលទ្ធផលអនុវត្តបាន០២ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងស្បៃមុងចំនួន៥របាំងប្រវែង៣០០ម៉ែត្រ របាំងសាច់អួនចំនួន៥របាំងប្រវែង១០០០ម៉ែត្រ ឡុកចំនួន១០គ្រឿង លូចំនួន១០មាត់ បង្គោលចំនួន៣៤០ដើម និងបានចាក់លែងកូនត្រីទម្ងន់៤៥គីឡូក្រាមចូលទន្លេវិញ។

នៅថ្ងៃជាមួយគ្នានេះដែរ លោក ស៊ិន សារិន ប្រធានទីបញ្ជាការស្រាលតំបន់ប្រតិបត្តិការសឹកររងកំពង់ធំ (យោធាភូមិភាគទី៤) បានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលជលផលឈរជើងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ បានចេញត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចកន្សោមចាប ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណីដោយបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងសាច់អួនក្រទ្បាញឹក០២របាំងប្រវែង៤០០ម៉ែត្រ បង្គោលចំនួន២៥០ដើម ឡុកចំនួន៤គ្រឿង លបលូចំនួន៤មាត់ និងចាក់លែងកូនត្រីស្រស់ចម្រុះមួយចំនួនចូលទន្លេវិញ។

លោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយកម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចកំព្រាម និងចំណុចកាប់ចិន ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណីដោយបានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងស្បៃមុងចំនួន១១របាំង ប្រវែង៦៥០ម៉ែត្រឡុកស្បៃមុងចំនួន១១គ្រឿង លបលូស្បៃមុងចំនួន២២មាត់បង្គោលចំនួន៧០០ដើម និងបានចាក់លែងកូនត្រីចម្រុះចំនួន១៥គីឡូក្រាមចូលទន្លេវិញ។

លោក សៅ វណ្ណសិរីវុទ្ធ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ មន្រ្តីខណ្ឌ មន្រ្តីជាប់កិច្ចសន្យា និងគណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោ បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចវាលស្រង៉ែ និងកែងជីឡៃ ក្នុងភូមិសាស្រ្តភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយខេត្តកំពង់ធំជាលទ្ធផលអនុវត្តបាន០២ករណី ដោយបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ ១. របាំងស្បៃមុងចំនួន៥របាំងប្រវែង២៥០ម៉ែត្រឡុកចំនួន៥គ្រឿង លូស្បៃមុងចំនួន៥មាត់ បង្គោលចំនួន១១៣ដើម។ ២. របាំងសាច់អួនក្រឡាញឹកចំនួន២របាំង ប្រវែង៣៥០ម៉ែត្រ ឡុកចំនួន៤គ្រឿង លូសាច់អួនចំនួន៤មាត់ បង្គោលចំនួន៤១០ដើម៕

ដោយ ស៊ុម វណ្ណា





