រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ធ្វើបច្ចុប្បន្នភាពលើការប្រមូលទិន្នន័យនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥-- លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំផ្តៀងផ្ទាត់លើការប្រមូលទិន្នន័យ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានមន្ទីរផែនការខេត្ត តំណាងទីចាត់ការរដ្ឋបាល ទីចាត់ការអន្តរវិស័យ សាលាខេត្ត ប្រធានការិយាល័យនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក លោកស្រី និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក សាន់ យូ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះពិនិត្យផ្ទៀងផ្ទាត់លើទិន្នន័យដែលក្រុមការងារចម្រុះ បានចុះប្រមូលកន្លងមក ដើម្បីធ្វើបច្ចុប្បន្នភាព ដើម្បីរៀបចំផែនការ ក្នុងការជួយប្រជាពលរដ្ឋក្នុងតំបន់បឹងទន្លេសាប លើមុខរបរ និងពិនិត្យពីផលប៉ះពាល់នៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ និងការរៀបចំគម្រោងអភិវឌ្ឍន៍ភូមិ ដើម្បីស្វែងរកការគាំទ្រគម្រោងនោះ ដោយផ្ដោតទៅលើការបង្កើតមុខរបរចម្បង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការគាំទ្រលើវិស័យកសិកម្ម គាំទ្រលើវិស័យទេសចរណ៍។

ទន្ទឹមនឹងនេះ លោកបានបន្តថា ដោយឡែកគោលនយោបាយយុទ្ធសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាគន្លឹះដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជាពិសេសជំរុញដល់សេដ្ឋកិច្ចជាតិឱ្យមានការរីចម្រើនលើគ្រប់វិស័យ។ ក្រៅពីកិច្ចអភិវឌ្ឍន៍ខេត្តដែលមានលក្ខណៈស្មុគស្មាញមួយចំនួន គណៈបញ្ជាការត្រូវបន្តពង្រឹងការដោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ម៉ឺងម៉ាត់ ប្រសិទ្ធភាព និរន្តរភាព និងសុខសន្តិភាព។ រដ្ឋបាលខេត្ត កងកម្លាំងសមត្ថកិច្ច មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្ត និងចាត់វិធានការមួយចំនួន បន្ទាប់ពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មើសជលផលនេសាទខុសច្បាប់ អាជ្ញាធរគ្រប់គ្រងតំបន់បឹងទន្លេសាប ដែលយើងទាំងអស់ត្រូវរួមគ្នាអភិរក្សការពារឱ្យបានល្អប្រសើរ។

លោកបានជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធគួរតែត្រូវគិតពិចារណាពីទស្សនវិស័យនៃសមត្ថភាព ដែលអាចចិញ្ចឹមជីវិតមនុស្សរបស់អាងទឹកបឹងទន្លេសាប ក្នុងការភ្ជាប់ទំនាក់ទំនងទៅនឹងទស្សនវិស័យនេះ គម្រោងគ្រប់គ្រងបរិស្ថានបឹងទន្លេសាប មានគោលបំណងសំដៅបង្កើតនូវប្រព័ន្ធទាំងឡាយ និងអភិវឌ្ឍសមត្ថភាពសម្រាប់ការសម្របសម្រួលគ្រប់គ្រងធនធានធម្មជាតិ និងការធ្វើផែនការ ការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍ និងការអភិរក្សជីវចម្រុះក្នុងដែនការពារជីវចម្រុះ។ បើសិនជាគ្មានការគ្រប់គ្រងអភិវឌ្ឍ និងអភិរក្សបែបនេះទេនោះ បឹងទន្លេសាបនឹងក្លាយទៅជាតំបន់ដែលមានផលិតផលទាបទៅៗជាលំដាប់ ។

ក្នុងបរិបទនេះ លោកអភិបាលរងបានបញ្ជាក់ទៀតថា ការចុះអនុវត្តការងារតាមតំបន់ជាក់ស្តែង ការទទួលបានការយល់ដឹងពីសកម្មភាព និងការងារស្នូលរបស់អាជ្ញាធរដែនដី ក្នុងការចូលរួមអនុវត្តន៍ទប់ស្កាត់ និងការការពារតំបន់ព្រៃលិចទឹក ធនធានជលផល ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ក្នុងដែនសមត្ថកិច្ច។ ប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់បទល្មើសជលផល តាមរយៈមូលដ្ឋាននេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ បៃ ស៊ីថុន





