ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា៖ ការចូលរួមចំណែករបស់ដៃគូអភិវឌ្ឍន៍មានសារៈសំខាន់ក្រៃលែង ដើម្បីចូលរួមចំណែកសម្រេចបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាអាទិភាពសុខាភិបាល
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការចូលរួមចំណែករបស់ដៃគូអភិវឌ្ឍន៍ មានសារៈសំខាន់ក្រៃលែង ដើម្បីចូលរួមចំណែកសម្រេចបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាល អណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានលើកឡើងដូច្នេះក្នុងជំនួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការអាទិភាពសុខាភិបាលចំពោះមុខ ជាមួយលោកស្រី Tenia Meyer នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា និងលោកស្រី Caryn Bredenkamp នាយិកាផ្នែកសុខភាព និងអាហាររូបត្ថម្ភប្រចាំតំបន់អាស៊ីបូព៌ានៃធនាគារពិភពលោក នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ចូលរួមចំណែកក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងអាហារូបត្ថម្ភ គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារ គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខភាព ដំណាក់កាលទី២ និងគម្រោងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះ លោកស្រី Tenia Meyer តំណាងធនាគារពិភពលោកបានជម្រាបជូនឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ថាអាទិភាពរបស់ ធនាគារពិភពលោក គឺស្របគ្នានឹងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ចូលរួមចំណែក ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល លោកស្រីក៏បានជម្រាបបន្ថែមជូនថា ធនាគារពិភពលោក មានបំណងរៀបចំគម្រោងថ្មី ដើម្បីបន្តគាំទ្រវិស័យសុខាភិបាល ពីគម្រោងបច្ចុប្បន្នដែលនឹងអនុវត្តន៍ចប់ក្នុងពេលមួយឆ្នាំទៀត និងស្នើសុំអនុសាសន៍ណែនាំពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី។
ជាមួយគ្នានេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានជម្រាបជូនពីការងារអាទិភាពចម្បងដែលគួរបន្តខិតខំបន្ថែមគឺ ការបង្ការ និងការស្រាវជ្រាវរកជំងឺមហារីក ដើម្បីព្យាបាលឱ្យបានទាន់ពេល ជាមួយគ្នានេះ ការងារសុខភាពឌីជីថល ការចុះបញ្ជីអ្នកជំងឺតាមប្រព័ន្ធអេឡិចត្រូនិក ក៏មានសារ់សំខាន់និងបន្ទាន់ដែរ។ កិច្ចប្រជុំបានពិភាក្សាអំពីលទ្ធផលពិនិត្យឡើងវិញនៃការអនុវត្តការងារ កត្តាប្រឈម និងដំណោះស្រាយលើគម្រោងដែលកំពុងអនុត្តបច្ចុប្បន្ននេះផងដែរ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





