ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវដល់ក្រុមហ៊ុនវិនិយោគត្រូវនឹងនរចិត្ត និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ ២០២៥ -- ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអំពាវនាវដល់ក្រុមហ៊ុនទាំងរោងចក្រ សហគ្រាសនៅកម្ពុជា សុំឱ្យថែរក្សាភាពស្ងប់ស្ងៀម និងជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជា ព្រោះមានលទ្ធភាព គ្រប់បែបយ៉ាងដើម្បីការពារវិនិយោគរបស់ពួកគេ ក៏ដូចជាដើម្បីផលប្រយោជន៍របស់កម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៥ និងគិតមកដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងចំនួន ៣៩៦គម្រោង ដែលមានទុនវិនិយោគចំនួន៦ពាន់លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋ ចំនួន២៧១ពាន់កន្លែង។ ដូចនេះគឺកម្ពុជាយើងនៅមានឱកាស មានលទ្ធភាពទាក់ទាញវិនិយោគមកដាក់ទុននៅកម្ពុជាដើម្បីបង្កើតការងារជូន បងប្អូនប្រជាពលរដ្ឋយើង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ឱ្យដឹងថា ដូច្នេះចំពោះបងប្អូនរបស់យើងបើចង់វិលត្រឡប់មកធ្វើការក្នុងប្រទេសកម្ពុជាយើងវិញ គួរវិលត្រឡប់មកវិញដោយសារយើងមានការងារ ២៧១ពាន់កន្លែង ជូនដល់បងប្អូនយើង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ដោយបញ្ជាក់ថា ចំពោះរាជរដ្ឋាភិបាលកម្ពុជា មិនមែនមានត្រឹមតែវិធានការការពារអ្នកវិនិយោគដែលមានស្រាប់នៅកម្ពុជានោះទេ មានទាំងវិធានការទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋធ្វើថែមទៀត។ ហេតុនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជា ឱ្យជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ការពារផលប្រយោជន៍ជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថាកម្ពុជាប្រកបដោយសក្តានុពលជាច្រើនដូចជា៖ កម្ពុជា មានស្ថិរភាពនយោបាយ ជាប្រទេសមានសុខសន្តិភាព មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានប្រជាពលរដ្ឋដែលមានវ័យក្មេងជាង ៦០ភាគរយ ក្រោមអាយុ ៣៥ឆ្នាំ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អ ជាប្រទេសនៅក្នុងតំបន់មហាអនុតំបន់មេគង្គ ដែលមានកម្ពុជា វៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា និងភាគខាងត្បូងរបស់ប្រទេសចិន ខេត្តយូណាន ដែលមានប្រជាពលរដ្ឋ ២៥០លាននាក់៕
ដោយ៖មករា រូបថត៖ សិរី ឧត្តម





