កម្ពុជា នឹងបន្តចរចាបន្ទាបអត្រាពន្ធបដិការមកក្រោម ៣៦% នៅជុំទី២
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២៥– កម្ពុជា នឹងបន្តចរចាបន្ទាបអត្រាពន្ធបដិការមកក្រោម ៣៦% នៅជុំទី២ មុនការអនុវត្តនេះចូលជាធរមាន ខណៈលទ្ធផលចរចាជុំទី១ សហរដ្ឋអាម៉េរិកសម្រេចបញ្ចុះពន្ធពី៤៩% មកត្រឹម ៣៦% ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី "អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក" នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក បានលើកឡើងថា តាមរយៈការជូនដំណឹងជាផ្លូវការនេះ អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បានធ្លាក់ចុះពី ៤៩% មកនៅត្រឹម ៣៦% ពោលគឺបានថយចុះចំនួន ១៣% (ប្រៀបធៀបជាភាគរយថយចុះប្រមាណ ២៦,៥% បើធៀបនឹងអត្រាពន្ធដែលបានដាក់ចេញកាលពីថ្ងៃទី២ មេសា ២០២៥) ធ្វើឱ្យ កម្ពុជា គឺជាប្រទេសស្ថិតនៅលើកំពូលតារាង ដែលទទួលបានការបន្ថយអត្រាពន្ធខ្ពស់ជាងគេ ក្នុងចំណោមប្រទេសទាំង១៤ ដែលបានប្រកាសនៅក្នុងសេចក្តីជូនដំណឹងខាងលើ។
ការបញ្ចុះអត្រាពន្ធនេះ គឺជាលទ្ធផលវិជ្ជមានដែលកើតចេញពីការចរចារដោយស្មោះត្រង់ ជាមួយនឹងភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Representative – USTR)។


ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការនេះបន្ថែមទៀត ។ ឯកឧត្តមបានបន្ថែមថា ក្រុមការងារចំពោះកិច្ច បាននិងកំពុងបន្តការងារយ៉ាងសស្រាក់សស្រាំ ក្នុងការទំនាក់ទំនងជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ដើម្បីបន្តកិច្ចចរចានេះ។
ទន្ទឹមជាមួយគ្នា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់ក្រុមហ៊ុនដែលមាននៅកម្ពុជា សុំថែរក្សាភាពស្ងប់ស្ងៀម រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាព គ្រប់បែបយ៉ាងដើម្បីការពារវិនិយោជិតដើម្បីផលប្រយោជន៍របស់កម្ពុជាយើង។ ជាមួយគ្នានេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង ឱ្យជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ការពារផលប្រយោជន៍ជាតិរបស់យើង។

ឯកឧត្តមសង្កត់ធ្ងន់ថា កម្ពុជា នៅមានឪកាសនៅជុំទី២ជាបន្តទៀត ដើម្បីចរចាសុំបញ្ចុះអត្រាពន្ធ អោយមកនៅក្រោម៣៦% អោយបានមុនថ្ងៃទី១ ខែសីហាខាងមុននេះ មុនពេលការអនុវត្តពន្ធបដិការនេះចូលជាធរមាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពី ប្រទេសកម្ពុជាដល់ទៅ ៤៩ភាគរយ ដោយសារសហរដ្ឋអាម៉េរិក មានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយកម្ពុជាក្នុងកម្រិត ៩៧ភាគរយរួចមក៕ ដោយ៖ ចរិយា រូបភាព៖ បរមី





