ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបពិភាក្សាការងារជាមួយប្រធានប្រចាំប្រទេសនៃ ACCB ដើម្បីកិច្ចការអភិរក្សពូជសត្វកម្រ ដែលកំពុងប្រឈមនឹងការជិតផុតពូជ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារជាមួយលោកស្រី Christel Griffioen ប្រធានប្រចាំប្រទេសនៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិវឌ្ឍជីវៈចម្រុះ (ACCB) នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ដោយជំនួបនេះបានផ្តោតជាសំខាន់លើកិច្ចការអភិរក្សពូជសត្វកម្រ ដែលកំពុងប្រឈមនឹងការជិតផុតពូជ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តួចផ្តើមគំនិតប្រែក្លាយតំបន់អភិរក្សនេះ ទៅជាគោលដៅលំហែបៃតង ដែលនឹងមានកន្លែងស្នាក់នៅមួយយប់ និងការបោះជំរំសម្រាប់ភ្ញៀវទេសចរប្រមាណ ១០-២០ នាក់ក្នុងមួយលើក។ គោលបំណងគឺដើម្បីប្រមូលថវិកាទ្រទ្រង់ការថែទាំសត្វ និងអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបរិស្ថានក៏បានលើកទឹកចិត្តដល់ការប្រើប្រាស់ ថាមពលបៃតង ដោយរៀបចំម៉ូតូអគ្គិសនីចំនួន ៥០ គ្រឿងសម្រាប់សិស្ស និស្សិតនៅខេត្តសៀមរាប ដឹកភ្ញៀវទេសចរ។ ប្រាក់ចំណូលដែលរកបាន នឹងត្រូវបែងចែកដោយស្មើភាព ដើម្បីជួយគាំទ្រសហគមន៍មូលដ្ឋាន តាមរយៈការបង្រៀនឱ្យពួកគាត់ចេះបង្កើតមុខរបរទេសចរណ៍។ គំនិតផ្តួចផ្តើមនេះ គឺដើម្បីការពារមិនឱ្យមានការរំខានដល់ការអភិរក្សសត្វ។


ទន្ទឹមនឹងនេះ ភាគីទាំងពីរបានឯកភាពគ្នាថា នេះគឺជាឱកាសល្អ ក្នុងការអភិវឌ្ឍគោលដៅលំហែបៃតង និងជួយដល់សហគមន៍ រួមទាំងការអភិរក្សសត្វព្រៃ។ ពួកគេនឹងបន្តធ្វើការសិក្សាលម្អិតអំពីលទ្ធភាពជំរុញទេសចរណ៍ និងការបង្កើត ច្រករបៀងទេសចរណ៍បៃតង។ ក្រសួងបរិស្ថានបានបញ្ជាក់ជាថ្មីពីការគាំទ្រចំពោះការបន្តកិច្ចព្រមព្រៀងដីធ្លី ដរាបណា ACCB នៅតែបន្តការពារសត្វ និងព្រៃឈើ។ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាពបរិស្ថាននៅកម្ពុជា៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងបរិស្ថាន)





