មជ្ឈមណ្ឌល ACCB បញ្ជាក់នូវការប្តេជ្ញាចិត្តចំពោះការអភិរក្សបរិស្ថាន និងការការពារសត្វព្រៃនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥-- មជ្ឈមណ្ឌលអភិរក្សជីវចម្រុះអង្គរ Angkor Centre for Conservation of Biodiversity (ACCB) មានកិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះការអញ្ជើញរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីជួបពិភាក្សាជាមួយនាយកប្រចាំប្រទេសរបស់យើង នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។ ទស្សនកិច្ចដ៏មានអត្ថន័យនេះបង្ហាញពីការសហការដ៏រឹងមាំរវាងក្រសួងបរិស្ថាន និង ACCB និងបញ្ជាក់នូវការប្តេជ្ញាចិត្ត ចំពោះការអភិរក្សបរិស្ថាន និងការពារពារសត្វព្រៃនៅកម្ពុជា។

ក្នុងជំនួបនោះ ACCB បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តួចផ្តើមគំនិតរបស់ក្រសួងបរិស្ថាន ដើម្បីភ្ជាប់ការអភិរក្សជាមួយការអភិវឌ្ឍទេសចរណ៍បៃតង និងការចូលរួមពីសហគមន៍ ដែលរួមមានការណែនាំការប្រើប្រាស់ម៉ូតូអគ្គិសនីសម្រាប់សិស្សនិស្សិត និងការបង្កើតឱកាសថ្មីសម្រាប់សហគមន៍ក្នុងតំបន់ តាមរយៈទេសចរណ៍បែបទំនើប និងប្រកបដោយចីរភាព។ACCB ផ្ដោតលើការអភិរក្សសត្វព្រៃ ការអប់រំ និងការស្រាវជ្រាវ ហើយយើងយល់ឃើញថា ទេសចរណ៍ប្រកបដោយចីរភាព មានសារៈសំខាន់ក្នុងការគាំទ្រគោលដៅអភិរក្ស។ យើងជឿថាដើម្បីធ្វើឱ្យមានប្រសិទ្ធភាព និងទំនួលខុសត្រូវ ក្នុងការលើកកម្ពស់ទេសចរណ៍បៃតង គឺតាមរយៈការពន្លឿនសមត្ថភាពសហគមន៍មូលដ្ឋាន ដោយលើកទឹកចិត្តអោយអ្នកទេសចរណ៍ចូលរួមក្នុងការស្នាក់នៅបែបគ្រួសារជាមួយសហគមន៍ដែលមានស្រាប់ និងទស្សនាគោលដៅទេសចរណ៍សហគមន៍ជំវិញស្រុក។ កត្តានេះយើងអាចធានាថាសហគមន៍ក្នុងតំបន់ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីទេសចរណ៍ប្រកបដោយការអភិរក្ស។


ACCB មានមោទនភាពក្នុងការសហការណ៍ជាមួយក្រសួងបរិស្ថាន ដៃគូក្នុងស្រុក និងសហគមន៍ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយចីរភាព ដែលស្របជាមួយបេសកកម្មស្នូលរបស់យើងគឺការអភិរក្សសត្វព្រៃ និងប្រព័ន្ធជីវចំរុះដ៏មានតម្លៃរបស់កម្ពុជា។ យើងនឹងបន្តធ្វើកិច្ចសហការជាបន្តបន្ទាប់ លើគំនិតផ្តួចផ្តើមថ្មីៗប្រកបដោយតុល្យភាពរវាង ការអភិរក្ស ការអប់រំ និងអត្ថប្រយោជន៍សហគមន៍៕
ដោយ ណយ នឿន (ប្រភព៖ ACCB)





