ក្រសួងវប្បធម៌ បានស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍ខ្មែរ ទៅអង្គការ UNESCO ខណៈនិតីវិធីបានរៀបចំរួចរាល់ និងបញ្ជូនតាំងពីឆ្នាំ២០២៤
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ -- “ក្រសួងវប្បធម៌វប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍ខ្មែរ ទៅកាន់អង្គការ UNESCO រួចហើយ ខណៈនិតីវិធី និងការរៀបចំឯកសាររួចរាល់ និងបញ្ជូនតាំងពីខែមេសា ឆ្នាំ២០២៤មកម្ល៉េះ”។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ស៊ុ ម៉ាប់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា៖ “ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ និងបានបញ្ជូនឯកសារពាក់ព័ន្ធនឹង «អាពាហ៍ពិពាហ៍ខ្មែរ មង្គលការខ្មែរ ឬការ» ទៅលេខាធិការដ្ឋានរបស់គណៈកម្មាធិការបេតិកភណ្ឌវប្បធម៌អរូបី (ICH) តាំងពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ មកម៉្លេះ ដើម្បីស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ”។

ឯកឧត្តម បានបន្ថែមផងដែរថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់ក្រសួង កំពុងត្រៀមបន្តការងារជាមួយលេខាធិការដ្ឋាន ICH លើការងារសេសសល់ជាយថាហេតុ ហើយមកទល់ពេលនេះ ដំណើរការចុះបញ្ជីនេះនេះ ប្រព្រឹត្តត្រឹមត្រូវតាមនីតិវិធី ហើយស្ថិតក្នុងដំណាក់កាលពិនិត្យ វាយតម្លៃ ពីស្ថាប័នជំនាញរបស់ ICH ដែលឯករាជ្យ និងមានវិជ្ជាជីវៈខ្ពស់។

គោលបំណងសំខាន់ដែលព្រះរាជាណាចក្រកម្ពុជាស្នើសុំចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» របស់ខ្មែរ ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ គឺដើម្បីថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់ខ្មែរដែលមានតាំងពីដូនតាយូរលង់ណាស់មកហើយ និងបច្ចុប្បន្ន ប្រជាពលរដ្ឋបានថែរក្សាការពារ និងអនុវត្តបានយ៉ាងត្រឹមត្រូវនូវមរតកដ៏ថ្លៃថ្លានេះ ហើយក្នុងបំណងដើម្បីបង្ហាញពិភពលោកទាំងមូលអំពីវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរជាពិសេសប្រពៃណីទំនៀមទម្លាប់ទាក់ទងនឹងពិធីអាពាហ៍ពិពាហ៍ខ្មែរ។

សូមបញ្ជាក់ថា សំណើការរៀបចំចុះ «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកនេះ ទទួលបានកិច្ចការសហការយ៉ាងជិតស្និតពីគ្រប់ស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសសហគមន៍ (Bearers and Practitioners of the tradition) ដោយកសាងបាននូវឯកសារចុះបញ្ជី ព្រមទាំងឯកសារពាក់ព័ន្ធទៅតាមគោលការណ៍ណែនាំរបស់ ICH (Operation directive of Unesco 2003 convention)។
«ពិធីអាពាហ៍ពិពាហ៍ខ្មែរ» នេះ រួមបញ្ចូលទាំងប្រពៃណីទំនៀមទម្លាប់ក្នុងការរៀបចំមង្គលការ ភ្លេង និងបទចម្រៀង សម្រាប់មង្គលការ សម្លៀកបំពាក់សម្រាប់ពិធី ការតុបតែងខ្លួន និងធាតុផ្សំផ្សេងទៀត នៃពិធីមង្គលការទៅតាមប្រពៃណីខ្មែរយើងដែលមានជាយូរលង់មកហើយ ហើយដែលខែ្មរយើងនៅបន្តថែរក្សា អនុវត្ត និងការពារ ព្រមទាំងចាត់ទុកថា ជាពិធីមិនអាចខ្វះបានក្នុងជីវិត គូស្រករខ្មែរយើង។
ជាមួយគ្នានេះ ការពិនិត្យចុះបញ្ជីជាក់ស្ដែង អាចនឹងត្រូវធ្វើឡើងនៅដំណាច់ឆ្នាំ២០២៦ ខាងមុខនេះ៕
ដោយ ផែន រតនៈ





