ឯកឧត្តម ហែម វណ្ណឌី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Maria Angelica Sotomayor ប្រធានផ្នែកអនុវត្តវិស័យទឹកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងបានពិភាក្សាអំពីគម្រោងទឹកស្អាតដែលកំពុងអនុវត្ត និងការពង្រីកការគាំទ្របន្ថែមទៀតសម្រាប់វិស័យទឹកស្អាតនៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរដល់ធនាគារពិភពលោក ដែលបន្តគាំទ្រកម្ពុជា ទាំងផ្នែកហិរញ្ញប្បទាន និងផ្តល់ជំនួយបច្ចេកទេសលើក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ និង បានសង្កត់ធ្ងន់លើដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុសម្រាប់និរន្តរភាព និងភាពចាំបាច់ក្នុងការកែលម្អនិយតកម្ម និងហេដ្ឋារចនាសម្ព័ន្ធវិស័យទឹកស្អាត។ ការប្រែប្រួលអាកាសធាតុកើតមានពិតប្រាកដ ហើយបាន និងកំពុងប៉ះពាល់ដល់ប្រភពទឹក និងគម្រោងដែលយើងកំពុងអនុវត្ត។

លោកស្រី Sotomayor បានបង្ហាញការប្តេជ្ញាយ៉ាងមុតមាំរបស់ធនាគារពិភពលោកចំពោះវិស័យទឹកស្អាតនៅកម្ពុជា ដោយសន្យាផ្តល់ជំនួយបច្ចេកទេសបន្ថែម និងចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍សាកលរបស់ខ្លួនជាមួយកម្ពុជា ទាក់ទងនឹងការរៀបចំក្របខ័ណ្ឌនិយតកមុ្មវិស័យប្រកបដោយប្រសិទ្ធភាព ព្រមទាំងបានជម្រាបជូនថា ធនាគារទើបបានអនុម័តអភិក្រមកម្មវិធីពហុដំណាក់កាលថ្មី សម្រាប់រយៈពេល១០ឆ្នាំ ហើយស្វាគមន៍ការចូលរួមរបស់កម្ពុជាក្នុងកម្មវិធីថ្នាក់តំបន់នេះ ដោយផ្តោតលើការគាំទ្រការអភិវឌ្ឍវិស័យទឹកស្អាតរយៈពេលវែង។ធនាគារពិភពលោកប្តេជ្ញាផ្តល់ការគាំទ្ររយៈពេលវែងសម្រាប់វិស័យទឹកស្អាតនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ និងបានស្នើឱ្យធនាគារពិភពលោក ពិចារណាកែសម្រួលលក្ខខណ្ឌលទ្ធកម្មមួយចំនួន ដើម្បីគាំទ្រឱ្យឧស្សាហកម្មក្នុងស្រុកអាចចូលរួមផ្គត់ផ្គង់សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត ព្រមទាំងបានលើកឡើងថា "យើងត្រូវបន្តគាំទ្រឧស្សាហកម្មក្នុងស្រុក រួមទាំងឧស្សាហកម្មផលិតទុយោ ម៉ាស៊ីបូមទឹក និងឧបករណ៍ផ្សេងៗទៀត។ បច្ចុប្បន្ន រោងចក្រក្នុងស្រុករបស់យើងមួយចំនួនមានស្តង់ដាអន្តរជាតិ ហើយពួកគេអាចរួមចំណែកសំខាន់ក្នុងវិស័យនេះ។

សូមជម្រាបជូនថា គណៈប្រតិភូកំពុងបំពេញបេសកកម្មការងារនៅកម្ពុជាក្នុងសប្តាហ៍នេះ ហើយនឹងចុះទស្សនកិច្ចរោងចក្រ ផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្ទោង-តាំងក្រសាំង ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងឧស្សាហកម្ម)





