ឯកឧត្តម ហែម វណ្ណឌី ផ្តាំផ្ញើជ័យលាភីអាហារូបករណ៍ជប៉ុនឱ្យពង្រីកធនធានប្រាជ្ញាដើម្បីចូលរួមអភិវឌ្ឍជាតិ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ជប៉ុន (JDS) ចំនួន២៣នាក់ ដែលនឹងចេញទៅបន្តការសិក្សានៅប្រទេសជប៉ុននៅពាក់កណ្តាលខែសីហា ឆ្នាំ២០២៥ ខាងមុខ។

ជ័យលាភីអាហារូបករណ៍ JDS ឆ្នាំនេះមាននិស្សិតបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២២នាក់ និងថ្នាក់ បណ្ឌិតម្នាក់ ដែលនឹងសិក្សាមុខជំនាញចម្រុះរួមមាន ទំនាក់ទំនងអន្តរជាតិ រដ្ឋបាលសាធារណៈ ការអភិវឌ្ឍវិស័យឯកជន សុខភាពបរិស្ថាន ការអប់រំ កសិកម្ម វិស្វកម្ម និងការអភិវឌ្ឍទីក្រុងជាដើម។

ក្រៅពីណែនាំជ័យលាភីទាំងអស់អំពីការរស់នៅ ការសិក្សា និងការបង្កើតទំនាក់ទំនងល្អក្នុងនាមជាទូតសុឆន្ទៈរបស់កម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើថា “នៅក្នុងគ្រប់សមរភូមិ ចំណេះដឹង និងប្រាជ្ញានេះហើយ ដែលនឹងដឹកនាំប្អូនៗទៅរកភាពជោគជ័យ។”

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្តជ័យលាភីទាំងអស់ឱ្យខិតខំប្រឹងប្រែងក្នុងការសិក្សា ហើយត្រឡប់មកកម្ពុជាវិញជាមួយនឹងគំនិត និងជំនាញ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងឧស្សាហកម្ម)





