រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តអាណិតទី៤ឆ្នាំ២០២៥
AKPកំពង់ធំថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត អាណតទី៤ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នៅសាលប្រជុំខេត្តកំពង់ធំ។

កិច្ចប្រជុំមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវលោកលោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីសាលាខេត្ត កងកម្លាំងទាំង៣ និងប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តដោយលើកយករបៀបវារៈនៃកិច្ចប្រជុំរួមមាន÷១-ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត។ ២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។ ៣- ពិនិត្យ និងអនុម័ត សេចក្តីណែនាំ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨និង៤- បញ្ហាផ្សេងៗ។

ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តបានណែនាំឱ្យយកទៅដាក់ពីបញ្ហាសុខភាព និងអនាម័យគឺសុខភាពប្រជាជននិងអាហារូបត្ថម្ភជាមូលដ្ឋានគ្រឹះគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។បច្ចុប្បន្នគ្រប់ឃុំ សង្កាត់មានប៉ុស្តិ៍សុខភាព គ្រប់ក្រុង ស្រុកមានមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកសម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ។ ថ្វីត្បិតវិស័យសុខាភិបាល មានស្ថានភាពល្អប្រសើរ តែត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតគឺ៖១.លើកកម្ពស់សុខភាព អាហារូបត្ថម្ភមាតា ទារក និងកុមារ។ ២.ជំរុញការទទួលយកសេវាសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ។ ៣.ទប់ស្កាត់ ការរីករាលដាលនៃជំងឺឆ្លង និងជំងឺរ៉ាំរ៉ៃគ្រប់ប្រភេទ។ ៤.លើកកម្ពស់ការកែលម្អគុណភាព និងប្រសិទ្ធភាពសេវា សុខុមាលភាព។ ៥.បង្កើនប្រសិទ្ធភាពប្រព័ន្ធសន្តិសុខសង្គម និងផ្តល់សេវាស្តារលទ្ធភាពពលកម្ម និងកាយសម្បទា។

លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថាទទួលបានសេចក្តីណែនាំនេះក្រុមការងារកសាងផែនការខេត្ត គណៈអភិបាលខេត្ត គណៈអភិបាលក្រុង ស្រុក មន្ទីរវិស័យ បណ្តាដៃគូអភិវឌ្ឍទាំងអស់ ត្រូវចូលរួមអនុវត្តតាមសេចក្តីណែនាំឱ្យមានប្រសិទ្ធភាព។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងផ្តល់ការគាំទ្រ និងចូលរួមកាន់តែសកម្មថែមទៀតក្នុងការដោះស្រាយរាល់បញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋ តាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ និងធ្វើឱ្យស្ថានភាពរបស់ខេត្តកំពង់ធំទាំងមូលបន្តឈានឡើងជាវិជ្ជមាន៕





ដោយ៖ ស៊ុម វណ្ណា





