មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដឹកនាំការដាំដើមផ្កាក្ងោកលម្អអមផ្លូវឡើងភ្នំគីរីរម្យ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ -- បង្កើនសោភ័ណ្ឌភាពទេសចរណ៍ធម្មជាតិ និងជារមណីយដ្ឋានពោពេញដោយរុក្ខជាតិបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរណ៍ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដឹកនាំការដាំដើមផ្កាក្ងោកលម្អអមផ្លូវឡើងភ្នំគីរីរម្យ។នេះជាការលើកឡើងពីលោកពៅ វុទ្ធីប្រធានឧទ្យានុរក្សគិរីរម្យនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានដឹកនាំមន្ត្រីឧទ្យានុរក្សធ្វើការដាំនិងជួសជុលកូនក្ងោកតាមបណ្តោយផ្លូវជាតិលេខ៤៦ចំនួន២០០ដើមនៅថ្ងៃ៧ខែកក្កដាឆ្នាំ២០២៥។

លោកពៅ វុទ្ធីបានបន្តថា ដោយសារតែមើលឃើញពីសារសំខាន់ នៃធម្មជាតិ ដែលបានផ្សាភ្ជាប់ជានិច្ចចំពោះវិស័យទេសចរណ៍ ហើយជាទូទៅមនុស្សមិនអាចខ្វះធម្មជាតិបានឡើយ។ កាលណាមនុស្សបំផ្លាញធម្មជាតិ ពិតណាស់មិនយូរមិនឆាប់ធម្មជាតិ ងាកមកបំផ្លាញមនុស្សវិញតាមរូបភាពផ្សេងៗដូចជា ក្តៅខ្លាំង ភ្លៀងមិនទៀងទាត់ ធ្វើឲ្យជំនន់ទឹកភ្លៀង។ល។
កក្តានេះហើយបានធ្វើឲ្យអាកាសធាតុមានការប្រែប្រួល ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះយើងត្រូវតែរួមគ្នាការពារព្រៃឈើ ការពារធនធានធម្មជាតិ ការពារបរិស្ថាន ជាពិសេសនាំគ្នាសហការដាំកូនឈើឡើងវិញឲ្យបានទាំងអស់គ្នា ទាំងនៅតាមសហគមន៍ព្រៃឈើ តាមលំនៅដ្ឋាន សាលារៀន វត្តអារ៉ាម និងមន្ទីរ អង្គភាពផងដែរ។

លោកប្រធានឧទ្យានុរក្សគិរីរម្យបានបន្តថា គោលបំណងនៃការដាំកូនឈើ(ដើមក្ងោក) ចង់ឲ្យរុក្ខជាតិបៃតងលម្អរដោយផ្កាពណ៌ក្រហមឈរបដិសណ្ថារកិច្ចស្វាគមចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងការមកដើរលេងកំសាន្ត នៅជុំរំវាលស្រល់ដ៏ស្រស់បំព្រងស្ថិតនៅលើខ្នងភ្នំគីរីរម្យនិងតំបន់ទឹកធ្លាក់ចំបក់៕







ដោយ៖ លឹម សាន្ត





