លោកសាយ គឹមឡម ៖គណបក្សប្រជាជនខ្លាំងរឹងមាំដល់សព្វថ្ងៃគឺដោយសារយុវជននិងអ្នកបន្តវេនខ្លាំងនិងមានសក្តានុពល
AKPកំពង់ធំថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ -- លោកសាយ គឹមឡម ប្រធានគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាស្រុកស្ទោងបានមានប្រសាសន៍លើកឡើងថា"គណបក្សប្រជាជនខ្លាំងរឹងមាំដល់សព្វថ្ងៃគឺដោយសារយុវជននិងអ្នកបន្តវេនខ្លាំងនិងមានសក្តានុពល"ក្នុងពិធីអបអរសាទរខួបលើកទី ៧៤ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា១៩៥១-២៨ មិថុនា២០២៥ )នៅស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី០៧ខែកក្កដាឆ្នាំ ២០២៥ដោយមានការចូលរួមពីសមាជិកសមាជិកាគណបក្សកម្ពុជាគ្រប់ឃុំនិងស្រុកប្រមាណ៥០០នាក់។

លោកសាយ គឹមឡមបានសង្កត់ធ្ងន់ថាដោយសារយុវជននិងអ្នកបន្តវេនរបស់គណបក្សប្រជាជនខ្លាំងនិងភាពចាស់ទុំខាងផ្នែកនយោបាយ បានធ្វើឱ្យគណបក្សប្រជាជនតែងតែទទួលបាននូវការគាំទ្រពីមហាជនគ្រប់មូលដ្ឋានថែមទាំងឈ្នះគ្រប់សមតភូមិបោះឆ្នោត។លោកបានអំពាវនាវនិងលើកទឹកចិត្តដល់យុវជន ត្រូវធ្វើខ្លួនជាយុវជនបន្តវេនប្រកបដោយសមត្ថភាព ជាជនគំរូរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានការស្រឡាញ់ចូលចិត្តពីសំណាក់ប្រជាពលរដ្ឋបងប្អូននៅក្នុងមូលដ្ឋានរបស់ខ្លួននិងជាបុគ្គលដែលធ្វើតែអំពើល្អនិងមានមនុស្សធម៌ក្នុងខ្លួនចេះជួយកិច្ចការងារសង្គមសព្វបែបយ៉ាង។

ទន្ទឹមនឹងនេះដែរលោកសាយ គឹមឡមក៏បានអំពាវនាវដល់យុវជនពុកម៉ែបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបជាពិសេសនៅស្រុកស្ទោងត្រូវខិតខំរក្សាឱ្យបាននូវសុខសន្តិភាពពេញលេញព្រោះមានតែសុខសន្តិភាពនេះទេ ដែលធ្វើឱ្យយើងមានការជួបជុំ មានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើបុណ្យទានរួមគ្នានិងអាចធ្វើអ្វីៗសព្វបែបយ៉ាងដែលពុំមានការរំខានពីសង្គ្រាមហើយលោកបានគោរពកោតសរសើរខ្ពស់ដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចទាំងទ្វេមានភាពចាស់ទុំនិងអត់ធ្មត់ខ្ពស់ក្នុងការតបតជាមួយនឹងចោរសៀម ដែលតែងតែបង្ករ បញ្ហានៅតាមព្រំដែនជាមួយកម្ពុជាដែលសម្ដេចបានយកនូវប្រៀបឈ្នះដោយប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)គឺប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នា។

ក្នុងឱកាសនេះលោកសាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងសហការី ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាតិនិងអន្តរជាតិមកពិនិត្យ ព្យាបាលជម្ងឺជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងអស់រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី០៧ខែកក្កដាឆ្នាំ ២០២៥ ជូនប្រជាពលរដ្ឋប្រមាណ ៣ពាន់នាក់ដោយឥតគិតថ្លៃនិងតែងតែបានចូលរួមអភិវឌ្ឍន៍និងកសាងហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធធារាសាស្ត្រជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោងជាច្រើន៕





ដោយ៖ ស៊ុម វណ្ណា





