តំណាងវិនិយោគកម្ពុជា-ជប៉ុន ពិភាក្សាគ្នាពីលទ្ធភាពវិនិយោគរួមគ្នាបន្ថែម
AKP ភ្នំពេញថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២៥ -- តំណាងវិនិយោគកម្ពុជា-ជប៉ុន ពិភាក្សាគ្នាពីលទ្ធភាពវិនិយោគ និងពង្រឹក ពង្រីកកិច្ចសហការវិនិយោគរួមគ្នាបន្ថែម ដោយផ្តើមចេញពីបេសកកម្មគោះទ្វារវិនិយោគ។

ឆ្លៀតឱកាសនៃបេសកកម្មគោះទ្វារវិនិយោគ ដែលសហការរៀបចំជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានដឹកនាំសហការីជួបពិភាក្សាការងារជាមួយ លោក Takayoshi Negoro ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកា ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

លោក Takayoshi Negoro បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ, ទាក់ទាញ និងថែទាំវិនិយោគិនជប៉ុន ហើយលោករំពឹងថាផ្តើមចេញពីបេសកកម្មគោះទ្វារវិនិយោគនាវេលាដ៏មនោរម្យនេះ សមាជិកនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកាកាន់តែច្រើននឹងទទួលបានព័ត៌មានស្តីពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានស្នើភាគីកម្ពុជាមេត្តាបន្តផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិយាកាសវិនិយោគឱ្យបានជាប់ជាប្រចាំដើម្បីបញ្ជ្រាបការឈ្វេងយល់ឱ្យបានទូលំទូលាយទៅកាន់ស្រទាប់សហគមន៍ធុរកិច្ចជប៉ុន។

ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវសេចក្តីសោមនស្សដែលបានជួបពិភាក្សាការងារជាមួយសមភាគីដើម្បីថែរក្សាចំណងទ្វេភាគីឱ្យកាន់តែស្អិតល្មួតបន្ថែមពីលើអត្ថិភាពដែលមានស្រាប់។ បន្ថែមពីនេះ ឯកឧត្តមក៏បានចែករំលែកអំពីសក្តានុពលវិជ្ជមានរបស់ព្រះរាជាណាចក្រកម្ពុជាមានជាអាទិ៍ (១) ស្ថិរភាពនយោបាយ (២) ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន (៣) កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត (៤) រាជរដ្ឋាភិបាលដែលគាំទ្រដល់វិស័យឯកជន (៥) របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ និង (៦) កំណើនជាលំដាប់នៃប្រភពថាមពលកកើតឡើងវិញ។ ជាកិច្ចបញ្ចប់ ឯកឧត្តមបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាសមភាគីនឹងជួយពាំនាំនូវសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សមាជិករបស់ខ្លួនឱ្យបានទូលំទូលាយ និងស្នើអញ្ជើញគណៈប្រតិភូធុរកិច្ចនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកាមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជានាពេលដ៏ខ្លីខាងមុខ៕
ដោយ៖ ចរិយា ប្រភព៖ CDC





