សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជ្រើសរើសគ្រូបង្រៀនថ្នាក់ក្រោមជាតិត្រូវតែអនុវត្តតាមនិយាមឱ្យបានច្បាស់លាស់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាបានណែនាំដល់ថ្នាក់ដឹកនាំក្រោមជាតិ ត្រូវធ្វើការពិនិត្យឱ្យបានច្បាស់លាស់លើការជ្រើសរើសគ្រូបង្រៀនទៅតាម និយាមឱ្យបានម៉ឺងម៉ាត់ ខណៈបច្ចុប្បន្នកម្ពុជាក៏មិនខ្វះធនធានមនុស្សនោះដែរ។

ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា អគារទីចាត់ការនិងអគារស្នាក់នៅគ្រូបង្រៀនទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ក្រុងឧដុង្គម៉ែជ័យ សម្តេចបវរធិបតីបានមានប្រសាសន៍ថា ត្រូវខិតខំធ្វើយ៉ាងណាដើម្បីជ្រើសរើសគ្រូ បង្រៀនមាននិយាមច្បាស់លាស់ ព្រោះកាលណាមាននិយាមច្បាស់ហើយការបង្រៀនក៏មាន គុណភាពនិងប្រសិទ្ធភាពខ្ពស់ផងដែរ។

សម្តេចបវរធិបតីបានគូសបញ្ជាក់ថា៖«ជំនាញផ្សេងៗ ការិយាល័យផ្សេងៗ ក្រៅពីគ្រូបង្រៀនប្រគល់សិទ្ធិទៅវិមជ្ឈការចុះ ។ ប៉ុន្តែគ្រូបង្រៀនមួយយ៉ាងហោចណាស់ក៏ត្រូវមានមន្ទីរ គ្រូកិច្ចស ន្យាក៏ដោយ ដើម្បីធានាថា ពួកគាត់ត្រូវបានជ្រើសរើសទៅតាមនិយាមច្បាស់លាស់។ យើងទទួលស្គាល់ថា អ្នកនៅតាមខេត្ត តាមស្រុកពិបាករកអ្នកដូចនៅភ្នំពេញណាស់ ទៅមិនរួច ពិបាកណាស់ប៉ុន្តែយើងក៏មិនត្រូវឆិនឆៃទាំងស្រុងនោះដែរទេ»។
ជាមួយគ្នានោះដែរសម្ដេចបវរធិបតីនាយករដ្ឋមន្រ្ដី គូសបញ្ជាក់ទៀតថា គុណភាពអប់រំដែលសំខាន់គឺគ្រូបង្រៀន ទោះបីជាមានសម្ភារៈឧបទ្ទេសគ្រប់គ្រាន់នៅក្នុងសាលារៀនក៏ដោយ ប៉ុន្ដែបើមានកង្វះខាតនូវគុណវុឌ្ឍិគ្រូបង្រៀន ក៏មិនអាចផ្ដល់ការអប់រំដល់សិស្សបានដែរ។

ដូច្នេះ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិនេះ បានបន្តវិនិយោគលើការបណ្ដុះ បណ្ដាល គុណវុឌ្ឍិគ្រូបង្រៀន។ បន្ថែមពីលើទៀតសម្ដេចធិបតីបញ្ជាក់ទៀតថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលគឺចង់ឱ្យគ្រប់សាលារៀនទាំងអស់ មានបំពាក់ឧបករណ៍សិក្សារៀនសូត្រទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពសិក្សារបស់សិស្សព្រោះបច្ចុប្បន្នសាលារៀនភាគច្រើនក៏មានការបំពាក់សម្ភារៈសិក្សាទំនើប និងមានការច្នៃប្រឌិតរួចហើយដែរ៕
ដោយ៖ ប៊ុនរិទ្ធ





