អាជ្ញាធរជាតិព្រះវិហារ ប្រារព្ធខួបលើកទី១៧ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក
AKP ព្រះវិហារ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥--ដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ដែលអង្គការយូណេស្កូបានសម្រេចបញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ អាជ្ញាធរជាតិព្រះវិហារបានរៀបចំពិធីអបអរសាទរប្រារព្ធខួប ១៧ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហាប់ ទូច រដ្ឋមន្ត្រីស្ដីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានធ្វើឡើងនៅតំបន់បារាយណ៍ខាងលិចជើងភ្នំប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។ ពិធីនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ តំណាងអង្គការដៃគូអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់គ្រប់ភាគីចំពោះតម្លៃនៃបេតិកភណ្ឌជាតិដ៏មានតម្លៃនេះ។

ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងការចូលរួមទិវាដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់ប្រជាជនកម្ពុជាទាំងមូល ជាពិសេសសម្រាប់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដើម្បីអបអរសាទរខួប ១៧ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ឯកឧត្តមអភិបាលខេត្ដបានលើកឡើងថា ខេត្តព្រះវិហារមានមោទកភាពយ៉ាងខ្លាំងដែលមានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួនពីរ គឺប្រាសាទព្រះវិហារ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ និងរមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាលខេត្ដបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន រដ្ឋបាលខេត្តព្រះវិហារបាន និងកំពុងបន្តអភិវឌ្ឍន៍ និងអភិរក្សតំបន់រមណីយដ្ឋានប្រាសាទនានា ទៅជាគោលដៅទេសចរណ៍វប្បធម៌ និងតំបន់ទេសចរណ៍ដ៏មានសក្តានុពល។ ឯកឧត្ដមបន្ដថា ស្របគ្នានេះដែរ ខេត្តក៏កំពុងបន្តលើកកម្ពស់ការវិនិយោគលើវិស័យទេសចរណ៍ តាមរយៈការពង្រឹងសេវាកម្ម និងបដិសណ្ឋារកិច្ចលើផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្សាន្តនានា សំដៅលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងជីវភាពប្រជាជននៅមូលដ្ឋាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហាប់ ទូច បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នាពេលនេះពិតជាមានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាទាំងមូល ជាពិសេសចំពោះប្រជាពលរដ្ឋនៃខេត្តព្រះវិហារ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៧ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «យើងទាំងអស់គ្នាចាំបាច់ត្រូវរួមគ្នាថែរក្សាឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍ដល់ប្រជាជនខ្មែររាប់តំណតទៅ»។ ឯកឧត្ដមរដ្ឋមន្រ្ដីស្ដីទីថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់រៀបចំព្រឹត្តិការណ៍វប្បធម៌អបអរសាទរនេះ ដើម្បីរម្លឹកដល់គុណូបការៈរបស់បុព្វបុរស និងព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ដែលបានបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃដ៏មហាសាល បន្សល់ទុកដល់កូនចៅខ្មែរជំនាន់ក្រោយ។ ឯកឧត្ដមបានឱ្យដឹងទៀតថា មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍វប្បធម៌នេះ ក៏ដើម្បីឧទ្ទិសចំពោះស្មារតីអង់អាចក្លាហាន ប្រកបដោយវីរភាព និងពលិកម្មសាច់ស្រស់ឈាមស្រស់របស់បុព្វបុរសខ្មែរ វីរយុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ «បន្ថែមពីនេះ ក៏ជាការក្រើនរំលឹក និងបំផុសស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ និងមនសិការស្នេហាជាតិដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនបន្តវេន ដែលមានកាតព្វកិច្ចក្នុងការបន្តថែរក្សា ការពារ និងលើកស្ទួយមរតកវប្បធម៌ជាតិឱ្យស្ថិតស្ថេរគង់វង្ស ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម ហាប់ ទូច រដ្ឋមន្ត្រីស្ដីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ឯកឧត្តមរដ្ឋមន្ត្រីស្ដីទីក៏បានថ្លែងកោតសរសើរដល់អាជ្ញាធរខេត្ត និងអាជ្ញាធរជាតិព្រះវិហារ ចំពោះការងារអភិរក្សប្រាសាទព្រះវិហារដែលទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ហើយជោគជ័យនេះគឺដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលមានកិច្ចសហការដ៏រឹងមាំនេះបានបង្កើតបាននូវតុល្យភាពដ៏ប្រសើររវាង ប្រាសាទ បរិស្ថាន និងមនុស្ស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការគ្រប់គ្រងបេតិកភណ្ឌពិភពលោកប្រកបដោយចីរភាព៕


ដោយ៖ រិទ្ធី, ប្រភព៖ មន្ទីរព័ត៌ុមានខេត្ដព្រះវិហារ





