ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការទទួលភារកិច្ចទំនាក់ទំនងសាធារណៈ អន្តរជាតិ និងតំណាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល បានទទួលជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលដឹកនាំដោយ លោកបណ្ឌិត Yasuyuki Mitsuhashi មន្ត្រីជាន់ខ្ពស់គោលនយោបាយសម្រាប់ថែទាំសុខភាពរបស់ ERIA កាលពីថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥។

ភាគីទាំងពីរបានពិភាក្សាលម្អិតអំពី៖ ១- កម្មវិធីអាហារូបករណ៍វេជ្ជសាស្ត្រអាស៊ាន-ជប៉ុន៖ ការណែនាំអំពីលក្ខខណ្ឌ គោលបំណង និងឱកាសសម្រាប់និស្សិត និងអ្នកវេជ្ជសាស្ត្រកម្ពុជាចូលរួម ដើម្បីពង្រីកចំណេះដឹង និងជំនាញវេជ្ជសាស្ត្រទំនើប។ ២- ការវិវត្តន៍យន្តការអនុវត្ត៖ ការរិះរកវិធីសាកសមនៃការគាំទ្រពី ERIA ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល និងការថែទាំរោគរាតត្បាតរយៈពេលវែង។ ៣- កិច្ចសហប្រតិបត្តិការអនាគត៖ ការពិភាក្សាលើគម្រោងស្រាវជ្រាវ ការអភិវឌ្ឍន៍នវានុវត្តន៍ និងការពង្រឹងសមត្ថភាពស្ថាប័នសុខាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណគណៈប្រតិភូ និងប្រជាជនជប៉ុន សម្រាប់សមិទ្ធផលជាផ្លែផ្កាជាបន្តបន្ទាប់តាមរយៈគម្រោងអភិវឌ្ឍនានានៃវិស័យសុខាភិបាល ក្នុងនោះរួមទាំងផ្នែកសេវាមន្ទីរពេទ្យ ផ្នែកបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាល និងបានសង្កត់ធ្ងន់ថាកិច្ចសហការនេះនឹងជួយពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលជាតិ និងផ្តល់ឱកាសដល់បុគ្គលិកសុខាភិបាលកម្ពុជាក្នុងការទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ភាគីទាំងពីរសង្ឃឹមថា កម្មវិធីអាហារូបករណ៍នឹងជួយដល់ការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាតាមរយៈការបណ្តុះបណ្តាលជំនាញខ្ពស់ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។

លោកបណ្ឌិត Yasuyuki Mitsuhashi បានសម្តែងអំណរគុណដ៏ជ្រាលជ្រៅជូនឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលតែងជួយគាំទ្រ បន្តគាំទ្រ និងថែមទាំងចង្អុលបង្ហាញទិសដៅកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យសុខាភិបាល តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល។ លោកបណ្ឌិត Yasuyuki Mitsuhashi បានថ្លែងថា ERIA ប្តេជ្ញាចិត្តគាំទ្រកម្ពុជាក្នុងការកែទម្រង់ប្រព័ន្ធសុខាភិបាល និងការរៀបចំយន្តការថែទាំរយៈពេលវែងដែលមានប្រសិទ្ធភាព យើងរីករាយក្នុងការជួយឧបត្ថម្ភអាហារូបករណ៍ និងការផ្តល់ផ្នែកបច្ចេកទេស។

លើសពីនេះ ភាគីទាំងពីរក៏ពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល លើការចូលរួមជាមួយកម្ពុជានូវ ចំណេះដឹងកម្រិតជំនាញ និងឯកទេសផ្សេងៗអំពីសុខាភិបាល ដើម្បីអភិវឌ្ឍ និងបន្តបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងសុខាភិបាល និង វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដោយមានបំណងពង្រីកការបណ្តុះបណ្តាលបន្ថែមលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវិស័យសុខាភិបាល បន្ថែមទៀតផងដែរ។
កិច្ចពិភាក្សា បានបញ្ចប់ដោយ ក្រសួងសុខាភិបាលកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានឯកភាពលើផែនការបន្ត និងការបង្កើនកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសុខាភិបាល)





